ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសទីបីក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានដែលបានប្រកាសមិនបញ្ជូនបេក្ខភាពបវរកញ្ញាប្រទេសខ្លួនទៅចូលរួមប្រកួតកម្មវិធីប្រកួត Miss Universe នៅប្រទេសអ៊ីស្រាអែល ដោយសារតែបារម្ភពីបញ្ហាជំងឺ Covid-19។
Miss Universe កម្មវិធីប្រកួតសម្រស់ដ៏ធំ ឆ្នាំនេះបានឆ្លងកាត់ព្យុះភ្លៀងយ៉ាងច្រើន ក្រោយពេលគណៈកម្មការរៀបចំប្រកាសថាប្រទេសអ៊ីស្រាអែលគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតលើកទី៧០នេះ ដោយសារតែប្រទេសនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធទៅនឹងសង្គ្រាមប្រល័យពូជសាសន៍ ប៉ាឡេស្ទីន។
តំណាងឱ្យអង្គភាពរៀបចំការប្រកួតបវរកញ្ញាចក្រវាឡឥណ្ឌូនេស៊ីបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា «យើងខ្ញុំសូមជំរាបជូនថាឥណ្ឌូនេស៊ីនឹងមិនបញ្ជូនបេក្ខនារីតំណាងប្រទេសយើងទៅចូលរួមប្រកួតនៅក្នុងការប្រកួតលើកទី៧០នៅប្រទេសអ៊ីស្រាអែលនោះទេ ដោយសារកត្តាពេលវេលានិងបញ្ហារឹតបន្តឹងការពារជំងឺកូវីដ-១៩នៅក្នុងប្រទេសធ្វើឱ្យគណៈកម្មការសម្រេចចិត្តមិនបញ្ជូនបេក្ខនារីតំណាងប្រទេសខ្លួនទៅប្រកួតក្នុងឆ្នាំនេះ»
បវរកញ្ញាចក្រវាឡឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២០ កញ្ញា Ayu Maulida បានជាប់ក្នុងចំណោម Top21 កាលពីការប្រកួតលើកទី៦៩ ប៉ុន្តែប្រទេសអាស៊ានដីកោះមួយនេះនៅមិនទាន់មានបវរកញ្ញារបស់ខ្លួនរូបណាមួយធ្លាប់ឈ្នះពានរង្វាន់បវរកញ្ញាចក្រវាឡពិភពលោកនៅឡើយទេ។
យោងតាមសារព័ត៌មាន Channel 24 ប្រទេសក្នុងតំបន់អាស៊ានចំនួន២ទៀតដែលប្រកាសដកខ្លួនមិនបញ្ជូនបេក្ខនារីតំណាងប្រទេសខ្លួនទៅចូលរួមក្នុងកម្មវិធីប្រកួតនេះដែរគឺប្រទេស ម៉ាឡេស៊ី និងប្រទសឡាវ ដោយលើកឡើងពីមូលហេតុទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ដោយកត្តារឹតបន្តឹងកំណត់ចំនួនជើងហោះហើរក្នុងតំបន់ និងអន្តរជាតិ។
កាលពីខែតុលា ប្រទេសក្រិចបានប្រកាសដកខ្លួនមិនបញ្ជូនបេក្ខនារីខ្លួនទៅចូលរួមប្រកួតនោះទេ ប៉ុន្តែមិនមែនដោយសារតែភ័យខ្លាចជំងឺ Covid-19 នោះទេ គឺបង្ហាញពីសាមគ្គីភាពនិងមិត្តភាពជាមួយនឹងប្រទេសប៉ាឡេស្ទីន។ ខណៈដែលគណៈកម្មការរៀបចំការប្រកួតអាហ្វ្រិចខាងត្បូងនៅតែបញ្ជូនបេក្ខនារីរបស់ខ្លួនទៅប្រកួតនៅប្រទេសអ៊ីស្រាអែលទោះជារដ្ឋាភិបាលប្រទេសនេះបានដកការឧបត្ថម្ភគាំទ្រចំពោះការចេញទៅប្រកួតលើកនេះក្ដី។
យោងតាមសារព័ត៌មាន The Times Of Israel បានផ្សាយដែរថា បវរកញ្ញាជិត៨០ប្រទេសហើយបានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែលដើម្បីចូលរួមប្រកួត ប៉ុន្តែក្នុងនោះមានបេក្ខនារីម្នាក់តេស្ដរកឃើញមានវិជ្ជមាន Covid-19 ក្រោយបានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល ប៉ុន្តែបេក្ខនារីរូបនោះមិនត្រូវបានបង្ហើបឱ្យដឹងអត្តសញ្ញាណថាជាបេក្ខនារីប្រទេសណា ហើយកញ្ញាឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Omicron (អ៊ូមីក្រុន) ឬក៏យ៉ាងណានោះដែរ។ តំណាងអ្នករៀបចំការប្រកួតក៏បានបញ្ជាក់ដែរថាបវរកញ្ញាដែលតេស្ដវិជ្ជមានរូបនោះបានចាក់វ៉ាក់សាំងគ្រប់ដូស ព្រមទាំងបានធ្វើតេស្ដរកកូវីដ-១៩រួចរាល់មុននឹងធ្វើដំណើរមកកាន់ប្រទេសអ៊ីស្រាអែលខណៈនេះរដ្ឋាភិបាលបានរៀបចំឱ្យកញ្ញាស្នាក់នៅនិងចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយ។
គួរដឹងថា កម្មវិធីប្រកួត Miss Universe លើកទី៧០ ដែលរៀបចំនៅប្រទេសអ៊ីស្រាអែល នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖