ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកទាំងអស់នៅក្នុងរាជធានីភ្នំពេញ អាចបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅហើយ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ខែវិច្ឆិកានេះ បានឲ្យ ដឹង ថា ម្ចាស់អាជីវកម្មទាំងអស់ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅ មុខ ច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធី ប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់ កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកណាមួយ មិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។ ដោយឡែក ចំពោ៖ បុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះរបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដោយគ្មានការ លើកលែងឡើយ៕

Share.