ខេត្តបាត់ដំបង មាន​ទីតាំង​បុរាណ​ស្ថានីយ​ជាច្រើន​កន្លែង ដែល​នៅក្នុង​គេ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះព្រះវិហារ​បុរាណ​ដែល​អាយុកាល​ជាង ២០០ឆ្នាំ​មកហើយ។ ខេត្ត​នេះបាន​កែប្រែ​ខ្លួន​ជាម​ណ្ឌុ​ល​ទេសចរណ៍​យ៉ាង​ទាក់ទាញ ចំពោះ​សិស្ស និស្សិត ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ទៅលេង​កម្សាន្ដ។ អារាមចាស់ៗនៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ​បានថែ​រក្សា​ភាព​លម្អិត​នៃ​ចម្លាក់​និង​ក្បាច់បុរាណ​ខ្មែរ។

ព្រះវិហារបុរាណ​ស្ថានមាន​មិនតិចជាង ១០ កន្លែង​នៅក្នុង​ទឹកដី​បាត់ដំបង​នោះទេ ដែល​រួមមាន វត្ត​សំរោង​ក្នុង វត្ត​ឥន្ទ្រា​ធិបតី​ធា​រាម ហៅ (វត្ត​សង្កែ) វត្ត​មុនី​រតនា​រាម ហៅ (វត្ត​កែវ) វត្ត​កណ្តាល វត្ត​ពោធិ​វាល វត្ត​ពិ​ភិ​ទ្ធា​រាម វត្ត​កំផែង វត្ត​គរ វត្ត​ដំរី​ស វត្តបាឡាត់ វត្តឈើខ្មៅ និង​វត្ត​សោមនស្ស ។ ព្រះវិហារ​បុរាណ​ដ៏​សក្តិ​សិទ្ធិ​ទាំងនេះ មាន​លក្ខណៈ​វិចិត្រ​ល្អ​ឯក​ដែល​ល្បីល្បាញ​អំពី​ចម្លាក់​លៀន​ ចម្លាក់ផុស​ ដ៏​អស្ចារ្យ​ប្រចាំខេត្ត​បាត់ដំបង ។ បើ​ទោះ​ទឹកដី​ខេត្តបាត់ដំបង មិន​ជាប់​សមុទ្រ និង​មិនសូវ​សម្បូរ​ប្រា​ង្គ​ប្រាសាទ​ដូច​ខេត្ត សៀមរាប ក៏ពិតមែន ក៏ប៉ុន្ដែ​ខេត្ត​មួយ​នេះ ក្លាយជា​អេកូ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​តាមរយៈ​អារាមបុរាណៗទាំងអស់នេះ។

ថ្មីៗនេះ​គេឃើញមានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ស្នាដៃ​របស់​ក្រុម​យុវ​វជន​ខ្មែរ​មួយក្រុម ជា​និស្សិត​ស្ថាបត្យកម្ម​ជំនា​ន់ទី២០នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បានបញ្ចេញស្នាដៃរចនា និងដំឡើងព័ណព្រះវិហារបុរាណនៅលើគំនូរ 3D ឱ្យមើលទៅទាក់ភ្នែក។ ក្រុមនិស្សិត​មួយក្រុម​នេះ បាន​សិក្សា​ស្វែងយល់​អំពី​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដើម្បី​សម្រង់​ទុកជា​ឯកសារ អំពី​គ្រឿង​បង្គុំ និង​គ្រឿង​តុបតែង​លំអ​ស្ថាបត្យកម្ម។ ការសិក្សា​នេះ ក្នុង​គោលបំណង​បង្ហាញ​ឱ្យបាន​ស្គាល់​ច្បាស់​ពី​សិល្បៈសំណង់​អគារ​មុខ​ដាច់​ដែល​និយម​នៅ​ខេត្តបាត់ដំបង។

ទស្សនា​រូបភាព​ជា​ស្នាដៃ​ខាងក្រោម​នេះ៖

Share.