នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ ទី៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ក្លិប​កីឡា​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​ប្រកាស​​ចែក​ផ្លូវគ្នា​ជាមួយ​កីឡាករ​សញ្ជាតិ​អង់គ្លេស Charlie Machell ខណៈ​ពេល​នេះ​លីគ​កំពូល​កម្ពុជា បាន​ផ្អាក​សកម្មភាព​ប្រកួត​ដោយ​សារ​តែ​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ក្លិប​វិសាខា បាន​សរសេរ​នៅ​ហ្វេសប៊ុក​ផ្លូវការ​ខ្លួន​ថា៖«ពួក​យើង​បាន​សម្រេច​ចិត្ដដ៏​លំ​បាក​បំ​ផុត ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ជា​មួយ​កី​ឡា​ករ​សញ្ជាតិ​អង់​គ្លេស Charlie Machell បន្ទាប់​ពី​មាន​ការ​ព្រម​ព្រៀង​គ្នា។ គ្រួសារបាល់ទាត់ វិសាខា សូមជូនពរ Charlie ជួប​តែ​សំ​ណាង​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អា​ជីព​នា​ថ្ងៃ​អ​នា​គត»។

ក្លិប​បាល់ទាត់​វិសាខា នៅ​សល់​កីឡាករ​បរទេស​ក្នុង​បញ្ជី​តែ​៤នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ពេល​នេះ ខណៈ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ក្បែរ​ហ្រ្គេនភ្នំពេញ នេះ​មាន​បេសកម្ម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2021 ផង​ដែរ។

ចំពោះ​កីឡាករCharlie Machell វ័យ​២៦ឆ្នាំ ធ្លាប់​ជា​យុវជន​ថ្នាល​នៅ​ក្លិប​បាល់ទាត់ Newcastle United របស់​អង់គ្លេស ហើយ​នៅ​ឆ្នាំ​២០១៧ រូប​គេ​បាន​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ជាមួយ​ក្លិប Thisted FC នៅ​ដាណឺម៉ាក ខណៈ​នៅ​ឆ្នាំ​២០១៨ បាន​ផ្ទេរ​ទៅ​ក្លិប​ 07 Vestur នៅ​កោះ​Vágar និង​នៅ​ឆ្នាំ​២០១៩ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ចូលរួម​ក្នុង​ក្លិប​ព្រះខ័នរាជស្វាយរៀង តែ​នៅ​ឆ្នាំ​២០២០ បានចេញ​ទៅចូលរួម​ក្លិប Hougang United នៅ​លីគ​សឹង្ហបុរី និង​នៅ​ឆ្នាំ​២០២១ នេះ​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​ទៀត​ដោយ​ចូលរួម​ជាមួយ​ក្លិប​វិសាខា៕

Share.