នៅពេលនេះ​មានការ​វែកញែក​ខ្លាំង​ចំពោះ​ដំណឹង​កំពូល​តារា​ស្រី​ហ្វីលីពីន Marian Rivera  ដែល​មហាជន​អ្នកគាំទ្រ​ស្គាល់​ថា​នាង ម៉ា​រី​ម៉ា នឹងមាន​វត្តមាន​ចូលរួម​ជា​គណៈកម្មការ Miss Universe 2021 ថា​ជា​ការពិត ឬ​គ្រាន់តែ​ជាការ​សង្ស័យ។ អ្នកគ្រប់គ្រង​តារា​ស្រី​រូបនេះ នៅ​មិនទាន់មាន​សេចក្ដីប្រកាស​អះអាង​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ។ ក៏ប៉ុន្ដែ​បណ្ដាញ​សង្គម Twitter ឯណេះ​វិញ អ្នកគាំទ្រ​នាង​មានការ​ចង្អុលបង្ហាញ​ភ័ស្ដុតាង​អះអាងថា នាង Marian Rivera បាន​ចូលរួម​ធ្វើជា​គណៈកម្មការ Miss Universe ក្នុងឆ្នាំនេះ។

អ្នកលេង​បណ្ដាញ​សង្គម Twitter បាន​ទាញ​អះអាង​អំ​ណា​ង​ថា នៅលើ Instagram នាង Marian Rivera បាន​បង្ហោះ​រូបភាព​ថ្មី ដែលមាន​ទីតាំង​ចេញពី​ប្រទេស អ៊ីស្រាអែល ដោយ​ដាក់​ចំណងជើង Caption ថា “Honored. #Grateful”។ អ្វីដែល​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ប្រាកដ​ចិត្តខ្លាំង​នោះ គឺ​កញ្ញា​បានដាក់ Emoji រូប​មកុដ និង​រូប​ផ្កាយ ហាក់ដូច​បង្ហើប​ប្រាប់​អ្នកគាំទ្រ​ថា អ្នកនាង​កំពុងធ្វើដំណើរ​ទៅ​អ៊ីស្រាអែល​ចូលរួម​ការប្រកួត​បវ​រ​កញ្ញា​ចក្រ​វា​ឡ​ឆ្នាំនេះ​តែម្ដង។

កាលពី​ម៉ោង ៣ រសៀល​ក្នុង​ថ្ងៃទី១ ខែធ្នូ នេះ មាន​សារព័ត៌មាន​កម្សាន្ដ​ប្រទេស​ហ្វីលីពីន GMA Entertainment  ក៏បាន​ចេញផ្សាយ​ពី​ព័ត៌មាន​អះអាងថា តារា​ស្រី​រូបនេះ​បាន​ចូល​គណៈកម្មការ Miss Universe 2021 ដោយ​ប្រើ​ចំណងជើង​ថា « Marian Rivera នឹង​នាំ​បទពិសោធន៍​រាប់​ឆ្នាំ​ក្នុងនាម​ជា​សិល្បការិនី ចូលរួម​ធ្វើជា​គណៈកម្មការ​វិនិច្ឆ័យ​បវរកញ្ញា​ចក្រ​វា​ឡ​ក្នុងឆ្នាំនេះ»។

សូម​ជម្រាប​ផងដែរ យ៉ាងណាមិញ អ្នកគាំទ្រ​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​ការ Comment របស់​ស្វាមី​នាង ដែល​បាន​សរសេរ​ពាក្យ​ថា « Miss you » ដែល​នេះ​បញ្ជាក់​ឱ្យឃើញថា អ្នក​ទាំងពីរ​ពិតជា​មិនបាន​នៅ​ជិតគ្នា​ពិតប្រាកដ​មែន ហើយ​តារា​ស្រី​រូបនេះ​គឺ​ពិតជា​បាន​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន ហោះ​កាន់​ប្រទេស​អ៊ីស្រាអែល​ក្នុងការ​ចូលរួម​ធ្វើជា​គណៈកម្មការ Miss Universe 2021 ជាការ​ពិតមែន៕

Share.