ស្ទឹងព្រែកត្នោតបានរងគ្រោះរយៈពេល២ឆ្នាំជាប់ៗគ្នាដោយសារតែ ជំនន់ទឹកភ្លៀង។ ដោយឡែកគិតត្រឹមខែតុលា ២០២១ មកដល់ពេលបច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នៅស្រុកកណ្ដាលស្ទឹង បណ្ដាលឱ្យជន់លិចប៉ះពាល់ស្រូវ ចំនួន០៥ឃុំ លើ១៨ឃុំ ប៉ះពាល់ផ្ទៃដីស្រូវចំនួន ៥៦៥ ហិកតា ផ្ទៃដីខូចខាតចំនួន ២៧៩ ហិកតា និងផ្ទៃដីដែល មានលទ្ធភាពស្តារឡើងវិញបានចំនួន២៣០ ហិកតា។ នេះបើយោងតាមរបាយការណ៍ពី លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង។ 

កាលពីថ្ងៃទី០១ ធ្នូនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំដោយឥតគិតថ្លៃដល់ កសិករគោលដៅដែលខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ ចំនួន៥៥៨ គ្រួសារ ក្នុងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ សម្រាប់ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងគុណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជាកសិករប្រកបមុខរបរជាកសិកម្ម ហើយខេត្តកណ្តាល មានប្រជាពលរដ្ឋប្រកបមុខរបរជាកសិកម្មប្រមាណ៥០.៥%។

ការចែកពូជស្រូវ និងពូជគ្រាប់ដំណាំ នាឱកាសនេះ គឺចែកទៅតាមទំហំដីជាក់ស្ដែង របស់បងប្អូនប្រជាកសិករ គ្រួសារកសិករណាដែលមានផ្ទៃដីធំ នោះនឹងទទួលបានគ្រាប់ពូជច្រើន ទៅតាមទំហំផ្ទៃដីជាក់ស្ដែង។ ហើយការចែកគ្រាប់ពូជនៅពេលនេះ គឺចែកដោយ សុច្ចរិត យុត្តិធម៌ សមធម៌ សច្ចធម៌ និងតម្លាភាព ហើយគ្រប់គ្រាប់ពូជទាំងអស់ គឺសុទ្ធតែជាគ្រាប់ពូជល្អៗ សម្រាប់បងប្អូនប្រជាកសិករ អាចយកធ្វើការដាំដុះ និងបង្កបង្កើនផលបាន។ នេះជាការលើកឡើងបន្ថែមពី ឯកឧត្តម គង់ សោភ័ណ្ឌ។ 

នៅក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក បានចូលរួមសោកស្តាយ ចំពោះការបាត់បង់ខូចខាតទ្រព្យសម្បត្តិ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដោយសារជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតកន្លងមក ដែលនេះជាការលំបាកមួយបន្ថែមលើការលំបាកនានា ដែលបងប្អូនជួបប្រទះនៅក្នុងអំឡុង ពេលនៃឆ្លងការរាតត្បាតជំងឺកូដ-១៩ ជិតពីរឆ្នាំកន្លងមកនេះ។

ឯកឧត្តមបណ្ឌិត បន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្ដាល បាននាំយកមកនូវគ្រាប់ពូជស្រូវ សរុបចំនួន ២៧តោន និង៦០០គីឡូក្រាម និងគ្រាប់ពូជដំណាំចំនួន ៥៥៨កញ្ចប់ធំ (ក្នុងមួយកញ្ចប់មានគ្រាប់ពូជដំណាំ ៤មុខ) សម្រាប់ចែកជូនកសិករ ចំនួន៥៥៨គ្រួសារមកពីភូមិចំនួន៩ នៃឃុំដើមឫស ដែលរងការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ហើយចង់ស្ពារដំណាំឡើងវិញ៕ 

Share.