រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។

ផែនការនេះនឹងត្រូវបានអនុវត្តអនុលោកតាមអភិក្រម«ផ្ការីក»ដោយចាប់ផ្តើមចាកវ៉ាក់សាំង ចាប់ពីចំណុចកណ្តាលនៃប្រទេសពោលគឺផ្តើមចេញពីរាជធានីភ្នំពេញនិងទីប្រជុំជនសំខាន់ៗ ជុំវិញរាជធានីហើយពង្រីកចេញជាជំហានៗទៅកាន់តំបន់ផ្សេងទៀតតាមលំដាប់លំដោយ នៃការធ្វើអាទិភាវូបនីយកម្ម។

នេះបើតាមឯកសាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១នេះ។

តាមរយៈផែនការនេះ កម្ពុជានឹងត្រូវបែងចែកជា៣តំបន់គឺ តំបន់អាទិភាពខ្ពស់ តំបន់អាទិភាព មធ្យមនិងតំបន់អាទិភាពទាប។

ក្នុងនោះអនុលោមតាមអភិក្រម«ផ្ការីក»យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់អាទិភាពខ្ពស់ ត្រូវតែ បញ្ចប់ឲ្យបាននៅក្នុងឆ្នាំ២០២១ កាន់តែឆាប់កាន់តែប្រសើរ។

ក្នុងនោះតំបន់អាទិភាពក្រសោបយកស្រុក/ខណ្ឌចំនួន៧០នៅទូទាំងប្រទេសដោយគ្រប់ដណ្តប់រាជធានីភ្នំពេញ ខេត្តកណ្តាលទាំងមូល តំបន់សក្តានុពលសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ ប៉ោយប៉ែត ក្រុងបាវិត ទីរួមខេត្តនៃបណ្តាខេត្តនានារួមទាំងបណ្តាស្រុកដែលស្ថិតនៅជុំវិញ ខេត្តកណ្តាល។

ចំនួនប្រជាជនដែលមានអាយុចាប់ពី១៩ឆ្នាំឡើងហើយដែលត្រូវទទួលការចាក់វ៉ាក់សាំង នៅក្នុងតំបន់អាទិភាពខ្ពស់នេះមានចំនួន៤,៩លាននាក់ស្មើនឹងជិត៤៩ភាគរយនៃប្រជាជនដែល​ មានអាយុលើសពី១៨ឆ្នាំឡើងនៅទូទាំងប្រទេស៕

Share.