បុរស​ជា​ Youtuber ល្បី​ម្នាក់​​បាន​​បាត់បង់​ជីវិត​​នៅ អាយុ​ ៥៧ឆ្នាំ​ ក្រោយ​ពី​លោក​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​​ ក្នុង​បឹង​ទឹកកក​ ខណៈ​ដែល​លោក​កំពុង​តែ​ថត​វីដេអូ​លោក​លេង​ស្គី​ទឹកកក​ (Ice-Skating)​។

លោក Tor Eckhoff ឬ​ Apetor បាន​ស្លា.ប់​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា ក្រោយ​ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ កាន់​ Jakobs Dam នៅ​ ក្បែរ​ទីក្រុង​ Kongberg ខណៈ​កំពុង​តែ​ផ្ដិត​យក​រូប​ភាព​វីដេអូ​។ វីដេអូ​ដែល​លោក​ផលិត​នេះ​គឺ​ជា​វីដេអូរត់​ឬ​ដើរ​លេង​លើ​ផ្ទៃ​ទឹក​កក​ដែល​លោក​តែង​តែ​ Upload ចូល​ទៅ​ ​ក្នុង​ Youtube ពីគ្រប់​ទី​កន្លែង​ក្នុង​តំបន់​ផ្សេង​ៗ​គ្នាក្នុង​ប្រទេស​ន័រវែស​​ ហើយ​ក៏​ជា​ការ​ចែក​រំលែក​ឃ្លីប​វីដេអូ​ស្ដី​ពី​ជីវិត​សត្វព្រៃ​ និង​រូបភាព​ធម្មជាតិ​នានា​ដែល​លោក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​។

យោង​តាម​​ទស្សនាវដ្ដី​ Verdens Gang បាន​ចុះ​ផ្សាយ​ថា​ Eckhoff ​គឺ​ជា​អ្នក​ធ្វើ​ការ​នៅ​ ក្នុង​រោងចក្រ​មួយ​​បាន​រស់​នៅ​ ជាមួយមិត្ត​​ឈ្មោះ​​ Tove Skjerven។ មិត្ត​​លោក​បាន​រៀបរាប់​ពី​​ដើមហេតុ​ដែល​នាំ​ឱ្យ​លោក​ស្លាប់​បាត់​បង់​ជីវិត​នៅ លើ​ហ្វេសប៊ុក​ជា​ភាសា​អង់គ្លេសថា​៖​ «ជូន​ចំពោះ​ Tor ជា​ទី​ស្រលាញ់​។ នៅ​​ ថ្ងៃ​សុក្រ​ទី​២៦ ខែ​វិច្ឆិកា​ គឺ​ជា​ថ្ងៃ​សុក្រ​ធម្មតា​មួយ​។ ឯងបាន​ធ្វើ​ដំណើរ​ទៅ កាន់​បឹង​ក្បែរ​ Kongsberg ហើយ​ចង់​ជិះ​ស្គី​ទឹក​កក​លេង​ រួច​ឯង​ថត​រូប​ខ្លួន​ឯង​ទុក​យក​ទៅ​​ ផុស​។ ពេល​នោះ​ឯង​បាន​ផ្ញើ​សារ​មក​ថាឯង​បាន​ទៅ​ ដល់​កន្លែង​ហើយ​ ហើយ​បាន​ថត​រូប​ខ្លួន​ឯង​​និង​ទឹក​ផ្ញើ​មក​ខ្ញុំ​។ ប៉ុន្តែ​គ្រោះ​អាក្រក់​ ឯងបែរជា​​ធ្លាក់​ចូល​ទៅ​ ​នៅ​ ក្នុង​ទឹក​កក​ ហើយ​ម្ដង​នេះ​ឯង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ ដូច​ជា​រាល់ៗ​ដង​ដែល​ឯង​តែង​តែ​ធ្វើ​បាន​​នា​ពេល​កន្លង​មក​​»

មិត្តរបស់​បុរស​រងគ្រោះ​ខាង​លើ​ក៏​បាន​សរសេរ​រៀបរាប់​បន្ត​ទៀត​ថា​ «នៅ​ ទី​បញ្ចប់​ ឯង​បាន​ត្រូវ​អ្នក​ជ្រមុជ​ទឹក​លើក​ឡើង​មក​ហើយ​បញ្ជូន​ទៅ​ កាន់​មន្ទីរពេទ្យ​។ ពួក​គេ​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​ដណ្ដើម​ឯង​មក​ពី​មច្ចុរាជ​ តែឯង​នៅ ខាង​ក្រោម​ទឹក​យូរ​ពេក​ ដូច្នេះ​នៅ យប់​ថ្ងៃ​សៅ រ៍​គ្រូ​ពេទ្យ​បាន​សម្រេច​ចិត្ត​បិទ​ម៉ាស៊ីន​សង្គ្រោះ​ទាំង​អស់​នៅ លើ​ខ្លួន​របស់​ឯងចំពោះ​មុខ​ខ្ញុំ​និង​ Johannes ​។ អរគុណ​សម្រាប់​គ្រប់​យ៉ាង​កន្លងមក​ដែល​បាន​ធ្វើ​ដើម្បី​ខ្ញុំ​និង​ Johannes  ពួក​យើង​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ដែល​រាប់​មិន​អស់​​ពួក​យើង​នឹកឯងខ្លាំងណាស់»។

វីដេអូ​ចុង​ក្រោយ​ដែល​ Eckhoff បាន​បង្ហោះ​នៅ លើ​ ឆាណែល ដែល​ចំនួន​ Subscriber រហូត​ ១.២ លាន​គណនី​នោះ​គឺ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដោយ​បាន​ដាក់​ចំណង​ជើង​ថា​ «ខ្ញុំ​អត់​ស្លាប់​ទេ​។ ថ្ងៃ​នេះ​ខ្ញុំ​អាយុ​៥៧​ឆ្នាំ​»។ នៅ ក្នុង​ឃ្លីប​នោះ​ដែរ​គេ​ឃើញ​លោក​បាន​ជ្រមុជ​ខ្លួន​ចូល​ទៅ​​ ក្នុង​ទឹក​ល្អក់​ដែល​ចាក់​បំពេញ​ក្នុង​អាង​ រួចហើយ​ផឹក​អក​ស្រា​ Vodka ចេញ​ពី​ដប​ចូល​មាត់​។ វីដេអូ​នោះ​មាន​អ្នក​ចូល​ទៅ​ ទស្សនា​រហូត​ដល់​២លាន​ដង​ និង​មាន​ចំនួន​អ្នក​ចូល​ទៅ​ ផ្ញើ​សារ​រំលែក​ទុក្ខ​យ៉ាង​ច្រើន​ផង​ដែរ​។

បុរស​រូប​នេះ​បាន​អះអាង​ប្រាប់​ Daily Dot កាល​ពី​ឆ្នាំ​២០១៦​ ​នៅ​ ក្នុង​បទ​សម្ភាសន៍​ថា​លោក​ ផឹក​ស្រា​ Vodka ពិត​ៗ​នៅ​ក្នុង​វីដេអូ​របស់​លោក​ ដោយ​បញ្ជាក់​មូលហេតុ​ថា​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​បែបនេះ​ លោកតែងតែ​ផឹក​ស្រា​កំដៅ​ ពោះ​។ លោក​បាន​បញ្ជាក់​ថា​នៅ​ ពេល​ដែល​លោក​ហែល​ក្នុង​ទឹក​កក ឬ​លេង​លើ​ទឹក​ លោក​មាន​ពេល​វេលា​តិច​តួចណាស់​មុន​នឹង​លោក​ត្រូវ​ត្រជាក់​ស្លាប់​ ដូច្នេះ​​កំឡុង​ពេល​នោះ​លោក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​រាង​កាយ​របស់​លោក​កក់​ក្ដៅ​ (ផឹក​ស្រាកំដៅ ក្នុង​ពោះ​)​។

Youtuber ល្បី​នៅ ប្រទេស​ស៊ុយអែត​ NymN បាន​ផុស​ចែក​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ Eckhoff នៅ លើ​ Twitter របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​ថា​ «គេ​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ គឺ​ការ​ផលិត​ជា​វីដេអូ​ជា​ច្រើន​ដែល​ផ្ដល់​នូវ​ភាព​រីករាយ​និង​ស្នាមញញឹម​​លើ​មុខ​របស់​អ្នក​គ្រប់​គ្នា​។ លោក​ទៅ ហើយ​តែ​កេរ្តិ៍​ឈ្មោះ​លោក​នៅ តែ​ចង់ចាំ​ជានិច្ច​»៕

Telegram-Troryorng
Share.