បាត់ដំបង៖ សមត្ថកិច្ចចម្រុះការពារតំបន់ព្រំដែន បានចុះឃាត់ខ្លួនបុរសម្នាក់ជាមុសញ្ញាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ត្រង់ចំណុចភូមិស្ពានយោល ស្រុកសំពៅ លូន។

នគរបាលជំនាញខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ការអនុវត្តច្បាប់នាំខ្លួនមេខ្យល់នេះធ្វើឡើងកាលពិម្សិលមិញ ត្រង់ចំណុចភូមិសាស្ត្រក្រុមទី ០១ ក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមកម្លាំងអធិការនគរបាលស្រុកសំពៅ លូន សហការជាមួយកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំ ពៅ លូន និងកម្លាំងវរសេនាតូច ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បានបង្ក្រាបទប់ស្កាត់ករណីនាំពលករឆ្លងដែនចូលទៅ ក្នុងប្រទេស ថៃ មួយករណី ដែលបង្កឡើងដោយជនសង្ស័យជាមេខ្យល់ចំនួន ០២ នាក់ដែលម្នាក់ត្រូវកម្លាំងបង្ក្រាបស្ទាក់ឃាត់ខ្លួនបាន ចំណែកម្នាក់រត់គេចខ្លួន។

ជនសង្ស័យឈ្មោះឆុំ លឹមស្រ៊ី ហៅ ស៊ី ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅ លូន ខណ:ធ្វើសកម្មភាពល្មើស បានលួចនាំពលករឆ្លងដែនចូលក្នុងទឹកដីថៃមានគ្នាចំនួន ០៤នាក់ ក្នុងនោះមានស្រី ០២ នាក់ផងដែរ។

នគរបាលជំនាញបានបន្ថែមថា ចំពោះមុខនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយជាមេខ្យល់ខាងលេី មកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ រីឯពលករចំនួន ០៤ នាក់ទៀតបានអប់រំណែនាំ និងតម្រូវឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត ហើយឱ្យវិល ត្រឡប់ទៅ កាន់មូលដ្ឋានវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.