«ប្ដី​ក្រោម​គ្រែ» ជា​ចំណងជើង​បទ​ថ្មី​របស់​តារាចម្រៀង​ប្រុស បូ តាំង​ហៀ​ង ដែល​អ្នកគាំទ្រ​គ្រប់គ្នា​ស្គាល់​ថា ជា​ម្ចាស់​បទ​ល្បី «បើ​បង​បាត់​ការចងចាំ» ។ តារាចម្រៀង​ប្រុស​រូប​សង្ហា​នេះ បាន​ខកខាន​ក្នុង​ការចេញ​ចម្រៀង​ជា​យូរណាស់​មកហើយ រហូតដល់​អ្នកគាំទ្រ​គិតថា លោក​អាច​នឹង​លាលែង​ចេញពី​វិស័យ​សិល្បៈ។ តែ​ការពិតទៅ​លោក​នៅតែ​បន្ដ​បម្រើ​អារម្មណ៍​មហាជន​ក្នុង​វិស័យ​ចម្រៀង​ជា​រៀងរាល់ថ្ងៃ តាមរយៈ​ការ​ច្រៀង​នៅតាម​ភោជនីយដ្ឋាន ឬ​ផាប់​រាត្រី​ជាដើម។

ថ្មីៗនេះ លោក បូ តាំង​ហៀ​ង បានបង្ហាញ​វត្តមាន​ជា​តារាចម្រៀង​នៅក្នុង​ក្រុម Arom Music និង​ជា​តារាចម្រៀង​ប្រុស​ប្រចាំ​ក្រុម​ផងដែរ។ តាំង​នាម​ជំនួស​ឱ្យ​ក្រុម​ចម្រៀង Arom Music លោក ហេង គី​ហួរ ជា​អ្នកគ្រប់គ្រង​ក្រុម នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា វត្តមាន​របស់​តារាចម្រៀង បូ តាំង​ហៀ​ង គឺ​មិនមាន​កុងត្រា​ជាមួយ​ផលិតកម្ម​ណាមួយ​ទេ ក៏ប៉ុន្ដែ​លោក​បាន​ចូលរួម​ជាមួយ​ក្រុម​ចម្រៀង Arom Music ដោយ​ចេញពី​បេះដូង និង​ឆន្ទៈ​ស្រឡាញ់​សិល្បៈ​ចម្រៀង​នេះ។ លោក គី​ហួរ ហៅ ហួរ​ចៃ បាន​បន្ដទៀតថា លោក​នឹង​ត្រៀម​បទ​ចម្រៀង​ថ្មី​ជាច្រើន​បទ​ទៀត​សម្រាប់​លោក បូ តាំង​ហៀ​ង  ដែល​សុទ្ធសឹង​ជា​បទ​និពន្ធ​ថ្មី​ទាំងអស់​ក្នុង​ឆ្នាំ២០២។

លោក ហេង គី​ហួរ ជា​អ្នកគ្រប់គ្រង​ក្រុមចម្រៀង Arom Music

បើទោះបីជា​ចំណងជើង​ស្ដាប់​មើលទៅ​រៀង​សាហាវ​បន្ដិច តែ​បទ«ប្ដី​ក្រោម​គ្រែ» ត្រូវបាន​រៀបរាប់​ពី​អារម្មណ៍​សោកសៅ​របស់​បុរស​ម្នាក់ ដែល​ខកចិត្ត​នឹង​រឿង​ស្នេហា ត្រូវ​សង្សារ​រៀបការ​ចោល។ អត្ថន័យ​បទ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពឈឺចាប់​របស់​មនុស្ស​ប្រុស​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្កប់​សាច់រឿង​ពីក្រោយ ដែលជា​ហេតុនាំឱ្យ​គូស្នេហ៍​ក្នុង​បទ​ចម្រៀង​នេះ ឈានដល់​តំណាក់កាល​ចែកផ្លូវ​គ្នា​ផងដែរ។ បទ​នេះ​មានការ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក ស៊ុន រដ្ឋា ដែល​គេ​ស្គាល់​ថា​ជា​អ្នកនិពន្ធ​បទល្បីៗឱ្យ​ផលិតកម្ម​សាន់​ដេ។

ចង់ដឹងថា សាច់រឿង​ទាំងមូល និង​អត្ថន័យ​បទ «ប្ដី​ក្រោម​គ្រែ» រៀបរាប់​យ៉ាងណាខ្លះ​នោះ តោះ! មក​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

Share.