ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងចំណោមបេក្ខភាពផ្សេងទៀត ដែលការលើកឡើងនេះ បានជម្រះមន្ទិលសង្ស័យចំពោះសាធារណជន។

ក្រោយពីមានការប្រកាសខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្អូន ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារនៅលើផេកថា «បងធំខ្ញុំ រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់»

ឯកឧត្តមបានថ្លែងទៀតថា «កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត»។

កាលពីព្រឹកថ្ងៃទី០២ ធ្នូ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចតាមរយៈការបោះឆ្នោត។ «សូមប្រកាសថ្ងៃនេះ គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ត្រូវឆ្លងកាត់ការបោះឆ្នោត»៕

Share.