រាប់ពីឆ្វេង គ្រូបង្វឹកកម្ពុជា ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី និង​ឡាវ

នៅ​រសៀល​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 បាន​រៀបចំ​សន្និសីទសារព៌តមាន​តាម​អនឡាញ រវាង​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ាន ជាមួយ​គ្រូ​បង្វឹក​ទាំង​៥ក្រុម​ក្នុង​ពូល​ B នៃ​ពានរង្វាន់​មុន មុន​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ តទៅ។

លោក Ryu Hirose គ្រូ​បង្វឹក​​ក្រុម​កម្ពុជា បាន​លើក​ឡើង​ថា​៖ «សម្រាប់​យើង​គោល​ដៅ​គឺ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ នៅ​លើ​ទឹកដី​របស់យើង។ យើង​សង្ឃឹម​ថា​ កីឡាករ​វ័យ​ក្មេង​មាន​បទពិសោធន៍​ល្អ​ក្នុង​ការ​ប្រកួត​នេះ។ យើង​បាន​ជួបប្រទះការលំបាកជាច្រើន ក្នុង​អំឡុង​ពេល​មាន​ជំងឺ​កូវីដ-១៩ ទើប​មិន​មាន​ការ​ប្រកួត​មិត្តភាព​បាន តែ​យ៉ាង​ណា​គោលដៅ​របស់​យើង​ គឺនៅតែជា​ស៊ីហ្គេម»។

អត្ថបទពាក់ព័ន្ធ៖កីឡាករ ដែលអាចរកគ្រាប់បាល់បានមុនគេបង្អស់ឱ្យកម្ពុជា ក្នុងពានរង្វាន់ AFF Suzuki Cup

ដោយ​ឡែក​គ្រូ​បង្វឹក​​ជនជាតិ​កូរ៉េខាងត្បូង Shin Tae-young របស់​ឥណ្ឌូណេស៊ី វិញ​បាន​បង្ហាញ​ទស្សនៈ​ថា​៖«ខ្ញុំ​រីករាយ​ដែល​បាន​ជួប​មិត្តរួមការងារ​នៅ​អាស៊ីអាគ្នេយ៍ តែ​សម្រាប់​ខ្ញុំ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ដឹកនាំ​ក្រុម​ក្នុង​ពានរង្វាន់​នេះ ហើយ​សង្ឃឹម​ថា​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​ក្នុង​អាជីព​របស់​ខ្ញុំ។ យើង​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​គ្រប់​ការ​ប្រកួត ព្រោះ​គោលដៅរបស់យើងគឺឈ្នះ»។

សម្រាប់​លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Park Hang-seo របស់​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​វៀតណាម បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា៖ «ខ្ញុំ​រីករាយ​ណាស់​ដែល​បានជួបគ្រូបង្វឹក​​ក្នុង​ពូល B។ វៀតណាម នឹង​ខិតខំ​គ្រប់​ការ​ប្រកួត​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​នីមួយៗ ព្រោះ​ថា​យើង​ទើប​តែ​បាន​លេង​៦​ប្រកួត​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ​នៃពាន​ 2022 FIFA World Cup Qatarហើយ​ចាញ់​គ្រប់ការ​ប្រកួត។ បញ្ហា​រក​ពិន្ទុ​មិន​បាន បាន​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ក្រុម​ទាំង​មូល ណាមួយ​ក្នុង​នាម​ជា​ក្រុម​ការពារ​តំណែង​ជើង​​ផង គឺ​វា​ជា​សម្ពាធ​មួយ​សម្រាប់​យើង។ យើង​មិន​និយាយ​​ពី​លទ្ធផល​ជា​មុន​បាន​ទេ ប៉ុន្តែ​​យើង​នឹង​​រៀបចំ​ឲ្យ​បាន​ល្អ»។

អត្ថបទពាក់ព័ន្ធ៖កីឡាករកំពុងប្រកបអាជីពនៅទ្វីបអឺរ៉ុប ១៣រូបនឹងបង្ហាញខ្លួនក្នុងពាន AFF Suzuki Cup

ចំណែក​លោក Tan Cheng Hoe គ្រូ​បង្វឹក​ក្រុម​ម៉ាឡេស៊ី បាន​​លើក​ឡើង​ដែរ​ថា៖ «អ្នក​គាំទ្រ​​យើង​​ជា​ច្រើន​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ពួក​យើង​ ដូច្នេះ​សង្ឃឹម​ថា​អ្នក​នឹង​រីករាយ​ជាមួយ​ការ​ប្រកួត​នេះ​ជាមួយ​ជម្រើស​ជាតិ​យើង​ទាំង​មូល។ យើង​ទើប​តែ​មក​ដល់​សិង្ហបុរី នៅ​ថ្ងៃ​ទី៣ ធ្នូ តែ​យើង​បាន​ប្រមូល​ផ្តុំ​នៅ​កូឡាឡាំពួរ​ មួយ​រយៈ​ ហើយ​ក៏​ជួប​​បញ្ហា​​មួយ​ចំនួន​ខ្លះ​ដែរ។ ប៉ុន្តែ​ក្រុម​នៅ​តែ​ផ្តោត​អារម្មណ៍ និង​សុទិដ្ឋិនិយម​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ជា​ពិសេស​គឺ​​ព្យាយាម​រក្សា​លំ​នឹង​ក្រុម​ជា​មុន​សិន សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី៦ ធ្នូ»។

សម្រាប់​​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ឡាវ ដែល​ជា​ជនជាតិ​សិង្ហបុរី គឺ​លោក V. Selvaraj បាន​បង្ហាញ​ទស្សនៈ​ថា៖«យើង​រីករាយ​ណាស់​ដែល​បានចូលរួម​ក្នុង​​ព្រឹត្តិការណ៍​នេះ។ យើង​នឹង​​រួមគ្នា​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ សម្រាប់​យើង​មាន​​កីឡាករ​​ក្មេងៗ​ច្រើន​ ហើយ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លាំង​ដែរ​សម្រាប់​កីឡាករ​ តែ​ឆន្ទៈ​របស់​យើង​គឺ​នឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។

សម្រាប់​ប្រកួត​បើក​ឆាក​ពូល​ B នេះ​វិញ​មាន៖
៦ ធ្នូ ២០២១៖ កម្ពុជា ប៉ះ ម៉ាឡេស៊ី (ម៉ោង​៤:៣០នាទី)
៦ ធ្នូ ២០២១៖ ឡាវ ប៉ះ វៀតណាម (ម៉ោង​៧:៣០នាទី)

Telegram-Troryorng
Share.