Tuesday, January 18 Login

ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយងដង្ហមកដល់កម្ពុជាវិញហើយ ដែលយាងដង្ហែមកពីប្រទេសបារាំង ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ សម្ដេចក្រុមព្រះ ណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង១១ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

ប្រភពរូបភាព AKP

ទាកទងនឹងការសោយទិវង្គត់ នៃសម្ដេចក្រុមព្រះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ដោយបានប្រកាសកំណត់យកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ជាថ្ងៃ កាន់ទុក្ខជាផ្លូវការ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៃដងទង់ជាតិ។ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទូរទស្សន៍នូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានបញ្ជាក់ថា ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។

ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

រូបភាព ក្រសួងព័ត៌មាន

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សូមរំលឹកពីជីវប្រវត្តិរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន ៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

Share.

Leave A Reply