បវរកញ្ញា​ Miss Grand 2021 ប៉ូ គីមថេងសុតធីតា បាន​បញ្ចប់​បេសកកម្ម​ប្រកួត​ដោយ​ជោគជ័យ​​ហើយ​នៅ​ ប្រទេស​ថៃ​ ដោយ​ដណ្ដើម​បាន​ពាន​រង្វាន់ Popular Vote បាន​ឈាន​ចូល​ដល់​ Top10 ប៉ុន្តែ​​​បវរកញ្ញា​កម្ពុជា​ចំនួន​ ២រូប​ទៀត​​គឺ​កញ្ញា​ ងិន ម៉ារ៉ាឌី ( Miss Universe Cambodia​) និង​កញ្ញា​ ភុំ សោភ័ណ្ឌ (Miss Cambodia) កំពុង​តែ​បំពេញ​បេសកកម្ម​របស់​ខ្លួនយ៉ាង​សស្រាក់សស្រាំ​​ជា​ទី​បំផុត​​​នៅ​ ក្នុង​​ប្រទេស​អ៊ីស្រាអែល​ និង​ប្រទេស​ព័រតូរីកូ​។

សូមចុច​អាន ស្អាតគ្រប់គ្រឿង! ភុំ សោភ័ណ្ឌ Miss World Cambodia 2021 នាំឈុតតំណាងជាតិ «យក្សរាមសូរ» ទៅ ប្រកួតនៅ លើវេទិកាអន្ដរជាតិ

ការ​ដណ្ដើម​បាន​ពាន​ត្រលប់​មក​ទឹក​ដី​កម្ពុជា​​របស់​កញ្ញា​ ប៉ូ គីមថេងសុតធីតា ក្រៅ​ ពី​សមត្ថភាព​របស់​សាមី​ខ្លួន​ហើយ​នោះ គឺ​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​យ៉ាង​ស្វិតស្វាញ​របស់​អ្នក​គាំទ្រ​នៅ កម្ពុជា​ ទើប​ធ្វើ​ឱ្យ​ Miss Grand ដ៏​ស្រស់សោភា​រូប​នេះ​បាន​​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​​របស់​មហាជន​ ដូច្នេះ​អ្នក​គាំទ្រ​ពិត​ជា​មាន​​តួនាទី​សំខាន់​ខ្លាំង​ដូច​គ្នា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ ដណ្ដើម​ពាន​រង្វាន់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​របស់​បវរកញ្ញា​ម្នាក់ៗ ព្រោះ​អ្នក​គាំទ្រ​គឺ​ជា​កម្លាំង​ជំរុញនិង​ចលករ​ដ៏​សំខាន់​ ជួយ​ប្រូម៉ូត​ផ្សព្វផ្សាយ​រក​ប្រជាប្រិយភាព​ឱ្យ​បវរកញ្ញ​ប្រចាំ​ជាតិ​សាសន៍​នីមួយ​ៗ។

ងាក​មក​បវរកញ្ញា​ទាំង​ពីរ​ដួង​របស់​កម្ពុជា​គឺ​ កញ្ញា ងិន ម៉ារ៉ាឌី កំពុង​ស្ថិត​នៅ​ អ៊ីស្រាអែល​ និង​កញ្ញា ភុំ​ សោភ័ណ្ឌ ​កំពុង​តែ​ស្ថិត​នៅ ក្នុង​ទឹកដី​ប្រទេស​ព័រតូរីកូ ដើម្បី​ប្រកួត​ប្រជែង​វគ្គ​នីមួយ​ៗ​នោះ​ ពិត​ជា​ត្រូវ​ការ​យ៉ាង​ចាំបាច់​ជា​ទីបំផុត​គឺ​ការ​លើក​ទឹក​ចិត្ត​ និង​ភាព​កក់ក្ដៅ​ ពី​អ្នក​គាំទ្រ​នៅ​ ប្រទេស​កម្ពុជា​យើង​។

ប៉ុន្តែ​ការ​គាំទ្រ​ស្រីស្អាតទាំងពីរ​រូប​ខាង​លើ​ហាក់​នៅ កម្រិត​ ព្រោះ​បើយោង​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​នានា ចំនួន​ Like , Share និង​ Comment នៅ​ មិន​ទាន់​ច្រើន​ ​ខណៈ​​​ការ​ជជែក​វែក​ញែក​គ្នា​​ ក៏​​នៅ​ ​មិន​ទាន់​ច្រើន​នៅ​ ឡើយ​ដែរ ឧទារណ៍​ដូច​ជា​ Page (Cambodia Beauty Pageant) ដែល​ផុស​ស្ដី​ពី​ឈុត រ៉ូប​រាត្រី​ ​គ្រង​ដោយ​កញ្ញា​ ភុំ សោភ័ណ្ឌ មាន​ចំនួន​ Like មិន​ដល់ ​១០០​ផង​ ខណៈ​ចំនួន​ Share មានត្រឹម​១៦​ប៉ុណ្ណោះ។​ ​ដោយ​ឡែក​​នៅ​ ពេល​ផុស​លើ​ផេក Miss World ដោយ​អត្ថន័យ​ស្ដី​ពី​ឈុត​ដូច​គ្នា​នេះ​ មាន​ចំនួន​ Like ១.៦K និង​ Share ចំនួន​១៥៦ គិត​ត្រឹមថ្ងៃ​ទី​៨ ខែ​ធ្នូ ​ម៉ោង​១​កន្លះ​ថ្ងៃ​នេះ​។

សម្រាប់​ការ​គាំទ្រ​ថ្វី​ត្បិត​តែ​កញ្ញា​ ងិន ម៉ារ៉ាឌី ហាក់​ត្រូវ​បាន​មហាជន​និង​អ្នក​គាំទ្រ​ ផ្ដល់​ការ​ចាប់​អារម្មណ៍​ទៅ​ លើ​កញ្ញាច្រើន​ តែ​ចំនួន​នៃការ​គាំទ្រ​បំផុសបំផុល​មក​លើ​បវរកញ្ញា​រាងតូច​ច្រឡឹង​រូប​នេះ​ហាក់​នៅ​ ទាប​នៅ​ ឡើយ​ ឧទាហរណ៍​ដូច​ជា​តាម​រយៈ​ការ​អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ Vote ឱ្យ​កញ្ញា​តាម​រយៈ​ផេក​ Beauty Pageant Reviewer មាន​ចំនួន​ Like ត្រឹម​ជាង​ ៨០០ និង​ចំនួន​ចែក​រំលែក​ត្រឹម​ ៧៥ ប៉ុណ្ណោះ​ គិត​​ត្រឹម​វេលា​ម៉ោង​១ កន្លះ​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០២១ នេះ​។

​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ត្រយង​នេះ ​មិនមាន​ចេតនា​បន្ដុះ​បង្អាប់​​នោះ​ឡើយ​ គឺ​គ្រាន់​តែ​មាន​គោល​បំណង​ចង់​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​អ្នក​គាំទ្រ​វិស័យ​ប្រកួត​បវរកញ្ញា​ទាំងអស់​បន្ត​ព្រួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​ ជួយ​គាំទ្រ​ដល់​បវរកញ្ញា​កម្ពុជា​ទាំងពីរ​រូប ព្រោះ​កញ្ញា​ទាំង​ពីរ​រូប​គឺជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​និង​ជា​មុខ​មាត់​នៃ​ជាតិ​មាតុភូមិ​​របស់​យើង​៕

Telegram-Troryorng

Share.