ប្រទេស​ថៃ​ធ្លាប់​តែ​ទិញ​សិទ្ធិ​បញ្ញា​ថត​រឿង​តាម​លំនាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ចិន​​ ប៉ុន្តែ​លើក​នេះ​ប្លែក​ព្រោះ​ថៃ​បាន​ទិញ​សិទ្ធិ​ផលិត​រឿង​តាម​លំនាំ​រឿង​ដើម​ប្រទេស​តួគី​ ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «Eternal or Until Death» «រហូត​ដល់​ស្លាប់​» មក​ផលិត​ជា​រឿង​ភាគ​បញ្ចាំង​លើ​ទូរទស្សន៍​ CH3 ដោយ​ប្រើ​ចំណង​ជើង​ថ្មី​ថា​ «បាប​អយុត្តិធម៌​»។ តើ​រឿង​នេះ​មាន​អ្វី​ពិសេស​ទើប​ធ្វើ​ឱ្យ​ថៃ​ចាប់​អារម្មណ៍​ទិញ​សិទ្ធិ​ពី​ប្រទេស​តួគី​មក​​ផលិត​ជា​រឿង​ភាគ​បញ្ចាំង​នៅ​ប្រទេស​ខ្លួន​?

រឿង​បាប​អយុត្តិធម៌​និយាយ​ពី​តួ​ឯក​ប្រុស​ជា​និស្សិត​ពេទ្យ​ដែល​រង​រឿង​អយុត្តិធម៌​ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​​អស់​មួយ​ជីវិត​ព្រោះ​រឿង​ក្ដី​មនុស្ស​ឃាត​តែ​នៅ​ឆ្នាំ​ទី​១១ គេ​បាន​ទទួល​ជំនួយ​ពី​មេធាវី​ថ្មី​ថ្មោង​ ដែល​ចូល​មក​ជួយ​តវ៉ា​ក្ដី​ធ្វើ​ឱ្យ​គេ​រួច​ផុត​ពី​ពន្ធនាគារ​។ ប៉ុន្តែ​រឿង​រ៉ាវ​មិន​ចប់​ត្រឹម​នេះ​នោះ​ទេ តួ​អង្គ​មេធាវី​​គឺជា​តួ​ឯក​ស្រី ​ប៉ុន្តែ​​ដំបូង​ឡើយ​តួ​ស្រី​​ព្យាយាម​ជួយ​តួ​ឯក​ប្រុស​ដោយ​សារ​តែ​មាន​អារម្មណ៍​ខុស​ឆ្គង ព្រោះ​កាល​ពី​ក្មេង​តួ​ឯក​ស្រី​​ធ្លាប់​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ចូល​ទៅ​ឆ្លើយ​នៅ​មុខ​តុលាការ​ចោទប្រកាន់​តួ​ប្រុស​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។

សូមចុចត្រង់នេះ៖ កែវ ឡាវីញ និង​ យ៉ា ​សុផាន់​ម៉ៃ ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​​សម្ដែង​តួ​ស្រលាញ់​ភេទ​​ដូចគ្នា​ក្នុង​​ស្នាដៃ​ថ្មី​ «សង្សារ​ខ្ញុំ​»​​​!

ក្រោយ​ចេញ​ពី​ពន្ធនាគារ​តួ​ប្រុស​ព្យាយាម​ស៊ើប​រក​ការ​ពិត​ជា​ច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​របស់​ខ្លួន​ដោយ​មាន​តួ​ឯក​ស្រី​តាម​ជួយ​រហូត​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ល្អ​នឹង​គ្នា​ហើយ​ក្លាយ​ជា​ស្នេហា​ ប៉ុន្តែ​ជា​កម្មអកុសល​នៅ​ពេល​តួ​ប្រុស​បាន​ដឹង​ការ​ពិត​ពី​សមាសភាព​ថា​តួ​ឯក​ស្រី​ជា​អ្នក​ណា​? ជាពិសេស​បាន​ដឹង​ថា​ឪពុក​របស់​ខ្លួន​ត្រូវ​បងប្រុស​របស់​តួ​ស្រី​ជា​អ្នក​សម្លាប់​។ តើ​ស្នេហា​រវាង​តួឯក​ប្រុស​អាច​ជួបជុំ​គ្នា​ដោយ​មាន​សេចក្ដី​សុខ​ដែរ​ទេ?​

អាច​ដោយ​សារ​តែ​ឆ្អឹង​រឿង​ប្លែក​ថ្មី​ គ្រាន់​តែ​ចេញ​មក​ភ្លាម​តួ​ប្រុស​បាន​ក្លាយ​ជា​ឃាតករ​នឹង​ជាប់​ពន្ធនាគារ​ ចំណែក​តួ​ស្រី​គឺ​ជា​មេធាវី​ព្យាយាម​ជួយ​ទោះ​ប្រុស​ព្រោះ​មាន​អារម្មណ៍​ខុស​ឆ្គង​តែ​មាន​រឿង​ហេតុ​ជា​ច្រើន​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​បន្ត​ចាប់​ដៃ​គ្នា​ឆ្លង​កាត់​ឧបសគ្គ​រហូត​ក្លាយ​ជា​ស្នេហា​មួយ​កណ្ដាល​សមុទ្រ​ភ្លើង​ដ៏​ក្ដៅ​គគុក​ដែល​ពិបាក​នឹង​ដឹង​ថា​តើ​ទី​បញ្ចប់​រឿងរ៉ាវ​​​នឹង​ទៅ​ជា​យ៉ាង​ណា​​?

រឿង «បាប​អយុត្តិធម៌» ​គឺ​ជា​ភាពយន្ត​មនោសញ្ចេតនា​​បែប​សោកនាដកម្ម​សម្ដែង​ដោយ​ Boy Pakorn ​តារា​សម្ដែង​ជួរ​មុខ​ថៃ​ ចាប់​ដៃ​គូ​សម្ដែង​ដំបូង​ជា​មួយ​ Gina តួ​ឯក​ស្រី​វ័យ​ក្មេង ​រួម​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ អ្នក​ដែល​មាន​បំណង​ចង់​ដឹង​សាច់រឿង​នេះ​អាច​ចូល​ទៅ​ទស្សនា​លើ​ Channel YouTube CH3​ ដោយ​វាយ​អក្សរ​ថា​ «บาป​อ​ยุติ​ธรรม​»

នេះ​អាច​ជា​ការ​បើក​ចំហ​ជើង​មេឃ​ថ្មី​ទៀត​សម្រាប់​សិល្បៈ​ភាពយន្ត​ថៃ​ដែល​បាន​ទិញសិទ្ធិ​បញ្ញា​ពី​ប្រទេស​តួ​គី​មក​ផលិត​ជា​ភាពយន្ត​ភាគ​បញ្ចាំង​លើ​កញ្ចក់​​ទូរទស្សន៍​ ក្រោយ​ពី​ធ្លាប់​បាន​ទិញ​សិទ្ធិ​ពី​ប្រទេស​ចិន​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន​និង​តៃវ៉ាន់​រួច​មក​ហើយ​នោះ​៕

Share.