វេទិកា​ប្រកួត​សម្រស់​លំដាប់​ពិភពលោក Miss Charm International 2021 គ្រោង​នឹងធ្វើ​ឡើង​នៅ ​ថ្ងៃទី ១០ ដល់​ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២នេះហើយ។ យ៉ាងណាមិញ កម្មវិធី​មួយ​នេះ​ធ្លាប់បាន​ផ្លាស់ប្ដូរ​កាលវិភាគ​ប្រកួត​ម្ដង​រួចមកហើយ ដោយសារ​តែមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅ ក្នុង​ប្រទេស​វៀតណាម។

យោងតាម​ការ​បង្ហោះ​ប្រកាស​ជា​ផ្លូវការ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss Charm International នៅពេលថ្មីៗនេះ​បានឱ្យដឹងថា កម្មវិធី​ប្រកួត​នា​ឆ្នាំ២០២២ខាងមុខនេះ ត្រូវបាន​រៀបចំ​នៅ លើ​កោះ PHU QUOC ។

កម្មវិធី​នៅក្នុង​ឆ្នាំ​ថ្មី​នេះ មាន​គោលបំណង​លើសពី​ការប្រកួត​សម្រស់​បវរកញ្ញា នោះ​គឺ​ផ្ដោតលើ​ចំនុច​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ការអប់រំ។ បន្ទាប់ពី​មានការ​បិទ​ប្រទេស​អស់​មួយរយៈ​ធំ ស្ថាន​ប័ន Miss Charm បាន​តាំង​ជំហរ​គោលដៅ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​ប្រទេស​វៀតណាម​ងើបឡើង​វិញ តាមរយៈ​កម្មវិធី​ប្រកួត​ដ៏​កក្រើក​និង​អស្ចារ្យ​មួយ​នេះ។

សូមជម្រាបថា ចំពោះ​បេក្ខភាព​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា គឺ​កញ្ញា ប៊ី សុធា​រី បាន​ត្រៀមខ្លួន​ជាស្រេច​ចេញទៅ​ប្រកួត​នៅ​ឆាត​អន្តរជាតិ​មួយ​នេះ នៅពេល​ខាងមុខ។ អ្នកគាំទ្រ​រំពឹងទុក​ថា កញ្ញា ប៊ី សុធា​រី នឹងធ្វើ​បានល្អ​ក្នុងការ​ដណ្ដើមយក​មកុដ Miss Charm 2021 ព្រោះ​កញ្ញា​ធ្លាប់មាន​បទពិសោធ​ច្រើនលើក​ចំពោះ​វេទិកា​ប្រកួតប្រជែង​បវរកញ្ញា ដោយសារ​កញ្ញា​ក៏​ជា​អតីត​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ២០១៧ ផងដែរ។

យ៉ាងណាមិញ ហ្វេ​ន​អ្នកគាំទ្រ​វិស័យ​បរ​វក​ញ្ញា​ទាំងអស់ កំពុង​ទន្ទឹងរង់ចាំ​ទស្សនា និង​លើកទឹកចិត្ត កញ្ញា ប៊ី សុធា​រី ដើម្បី​ឈានទៅរក​ជ័យជម្នះ​និង​ក្លាយជា​ម្ចាស់​មកុដ Miss Charm នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ៕

Telegram-Troryorng
Share.