នៅពេលថ្មីៗនេះ កំពូល​តារាចម្រៀង មាស សុខ​សោភា បាន​បញ្ចេញ MV បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា «សត្វ​ស្លាប» ។ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​អ្នកគាំទ្រ​កំពូល​តារាចម្រៀង​រូបនេះ បាន​ផ្ដោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ឈុត​សត្វ​ស្លាប​ដែលមាន​ពណ៌​សចាំង ដែល​តារា​ស្រី​រូបនេះ​គ្រង​បង្ហាញ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន។ យ៉ាងណាមិញ បទ​ចម្រៀង​នេះ ត្រូវបាន​ផលិតកម្ម​រាម យកចិត្តទុកដាក់​ក្នុង​ការផលិត MVយ៉ាងខ្លាំង ពីមួយ​ប្លង់​ទៅមួយ​ប្លង់​គឺមាន​បង្កប់​អត្ថន័យ​ស៊ីជម្រៅ។

គ្រប់​រូបភាព​នៃ​ការសម្ដែង​នៅក្នុង MV បទ «សត្វ​ស្លាប»  មួយ​នេះ កំពូល​តារាចម្រៀង​ស្រី មាស សុខ​សោភា ដូច​បង្ហើប​អត្ថន័យ​ចង់​ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ​ឱ្យដឹងថា ពេលខ្លះ​គឺ​យើង​បាន​ជួប​បញ្ហា​ជីវិត​ដែល​ហ៊ុំព័ទ្ធ​ដោយ​រូបភាព​ខ្មៅ​ងងឹត​មើលមិនឃើញ អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ខុស ឬអ្វី​ត្រូវ។ ក៏ប៉ុន្ដែ​នៅពេល​មួយ​ដែល​យើង​បាន​រកឃើញ​ពន្លឺ​នៃ​ការចាកចេញ​ពី​បញ្ហា​នោះ​ហើយ ពេលនោះ​ប្រៀប​បីដូច​ជា​យើង​មាន​ស្លាប ដែល​អាច​ហោះ​ទៅរក​សេរីភាព​ឱ្យ​ខ្លួនឯង។

ជាមួយគ្នានេះដែរ អ្នកនាង មាស សុខ​សោភា ក៏បាន​បង្ហោះ​សារ​លើកទឹកចិត្ត​អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «វិថី​ជីវិត​បាន​បង្រៀន​ឱ្យ​ខ្ញុំ​ឆ្លងកាត់​រយ​លាន​ហេតុផល​ទាំង​រឿង​ល្អ និង​អាក្រក់ តែ​ខ្ញុំ​មិន​បោះបង់​ក្នុង​ការរៀន​អំពី​ជីវិត​មួយ​នេះឡើយ។ ខ្ញុំ​និង​ស្វែងរក​សេចក្តីសុខ​ដែល​នៅ​រាយប៉ាយ​នៅក្នុង​លោក​នេះ មក​ផ្គុំ​ដើម្បី​រក្សាទុក​ក្នុង​ប្រអប់​បេះដូង​នៅ​ថ្ងៃ​ណាមួយ។ សូមកុំ​បោះចោល​ជិវិត​មួយ​នេះ​ត្រូវ​ស៊ូ អត់ធន់ កុំ​ចុះចាញ់​សូម​ប្រើ​ជិវិត​មួយ​នេះ​ឱ្យដល់​ទីបំផុត​ស៊ូ ស៊ូ…»។

សូម​ជម្រាប​បន្ថែមថា បន្ទាប់ពី​បានចេញ​MV បទ «សត្វ​ស្លាប» នេះហើយ កំពូល​តារាចម្រៀង មាស សុខ​សោភា ក៏បាន​បង្ហោះ​ដំណឹង​ល្អ​មួយទៀត​ប្រាប់​អ្នកគាំទ្រ​ថា អ្នកនាង​ទើបតែ​ទទួលបាន​ការបំពាក់​គ្រឿងឥស្សរយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ត្រូវបាន​ព្រះ​ប្រថាប់​ព្រះរាជ​លញ្ឆករ​នៅ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧៕

តោះ​មក​ទស្សនា MV «សត្វ​ស្លាប» របស់​កំពូល​តារាចម្រៀង មាស សុខ​សោភា ពី​ផលិត​កម្មរាម៖

Telegram-Troryorng
Share.