អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បានបង្ខូចឈ្មោះចិន និងលាបពណ៌លើទំនាក់ទំនង​ រវាងកម្ពុជា​ និងចិន ហើយ​អាមេរិក​បាន​ដាក់​សម្ពាធ​និងការ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី០៩ ធ្នូ ២០២១នេះ។

តាមរយៈ​ផេកផ្លូវការ​របស់​ក្រសួងការបរទេស​ចិន​ប្រចាំ​នៅកម្ពុជា​ បាន​សរសេរ​បញ្ជាក់​បន្ថែមថា កាលពីថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធ និងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិន ក្នុងប្រទេសកម្ពុជា។ តើភាគីចិនមានយោបល់យ៉ាងដូចម្ដេចចំពោះការលើកឡើងបែបនេះ?

ឆ្លើយតប​នឹង​សំណួរ​ខាងលើនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។

ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើ​ទំនាក់ទំនង​ចិននិង​កម្ពុជា​នឹងទទួលបរាជ័យ​។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕

Share.