កម្មវិធីស្វ័យសិក្សា «MoEYS E-Learning»ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២១នេះតទៅហើយ។

 នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាក្នុងបរិបទឧស្សាហកម្ម4.0 ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩។

បើតាមក្រសួងអប់រំ តាមរយៈ «MoEYS E-Learning» សិស្សានុសិស្សអាចទទួលបានព័ត៌មាន    សំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ កម្រងសៀវភៅសិក្សាចំាបាច់សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ និងលំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត។

ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសាធារណជន ត្រូវទាញយកកម្មវិធីនេះដោយចូលទៅកាន់ PlayStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធAndriod ឬ AppStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS និង App Gallery ហើយវាយពាក្យថា «MoEYS» រួចទាញយក បន្ទាប់មកចុះឈ្មោះចូលប្រើប្រាស់កម្មវិធីតាមការណែនាំដែលមានក្នុងកម្មវិធី៕

Share.