គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ​លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុង​ជំរុញ​លើ​ផែនការធំៗចម្បងៗចំនួនពីរ គឺការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម អត្តពលិក​ជម្រើសជាតិ និងការហេដ្ឋារចនាសម្ព័ន្ធកីឡា បម្រើ​ដល់​ទទួល​ធ្វើម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថា​ ការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន៩៥%ហើយ។ «សម្រាប់​ផែនការយុទ្ធសាស្ត្រឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ​ត្រូវ​បាន​ចែកចេញ​ជា​២​ផ្នែក​ធំៗ គឺទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដោយដំណើរការ​សាងសង់​កីឡដ្ឋាន​ធំ​កំពុង​ដំណើរ​ការ​ដោយ​រលូន និង​មិនមានឧបស័គ្គអ្វីកើតឡើងនោះទេ និងទី២ គឺការផ្តោតសំខាន់​លើការ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស បង្កើនគុណភាព សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ​ តាម​រយៈកម្មវិធី​ប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស»។

ឯកឧត្តម​បន្ថែម​ថា​នៅក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់កញ្ចប់​ថវិកាពិសេស​សម្រាប់ឲ្យ CAMSOC​ ទទួលបាននូវការ​អនុវត្ត​បន្ត​នូវ​ផែនការ​សកម្មភាព​របស់​ខ្លួន​ ក្នុង​ការ​ជំរុញ​សន្ទុះ​ឲ្យ​កាន់​តែ​លឿន​បន្ថែម​ទៀត។ចំពោះការ​សាងសង់​កីឡដ្ឋាន​ធំត្រូវ​បាន​ពន្លឿន​ឲ្យ​បាន​ឆាប់​រហ័ស ​ដោយ​​គិត​មកដល់ពេលនេះ បាន​បំពាក់​កៅអីអង្គុយ​នៅសល់​តែ​ប៉ុន្មាន​រយកៅអី​ទៀត​ប៉ុណ្ណោះ។

ចំណែកភូមិកីឡា​ក៏កំពុងដំណើរការសាងសង់ដែរ ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បី​ទទួល​ការ​ស្នាក់​នៅហូបចុករបស់កីឡាករ កីឡាការិនីជាង៧០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវ​ពិសេស​សរុប​ប្រមាណ​១​ម៉ឺន​នាក់ ដែល​ភូមិ​កីឡា​នេះនឹងអាចរួចរាល់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទាន់ពេលវេលាផងដែរ។

អ្វី​ដែល​ជា​បញ្ហាចម្បងគឺការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និង​ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិតែប៉ុណ្ណោះ ដែល CAMSOC កំពុង​ជំរុញ​លើការកសាងសមត្ថភាពក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ ក្នុងនោះការ​បញ្ជូន​អត្តពលិក​ជាង​១០០​នាក់​ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋប្រជាមានិតចិន (នា​ខែសីហា ឆ្នាំ២០២១)។ ក្រៅ​ពី​នោះ​កម្ពុជា​គ្រោង​នឹង​បញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត ដើម្បី​ត្រៀម​ស៊ីហ្គេម​ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង​ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕

ប្រភព​&រូប៖Cambodia SEA GAMES 2023

Share.