កម្ពុជា បាននាំផ្លែស្វាយស្រស់ប្រមាណជា ៨០តោន ជាលើកដំបូងទៅទីផ្សារប្រទេសចិន បន្ទាប់ពីរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងក្នុងពិធីសម្ពោធនាំចេញស្វាយ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ២០២១ថា ឆ្នាំនេះ កម្ពុជានឹងនាំចេញស្វាយទៅចិនឲ្យបានចំនួន១០ម៉ឺនតោន ដែលនឹងអាចផ្តល់ចំណូលបានប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែជិតផុតរដូវប្រមូលផលស្វាយ ។ «ឆ្នាំក្រោយនឹងកើនឡើងជាងឆ្នាំនេះទៀត»។

ឯកឧត្តមបន្តថា វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត ។

ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី ដែលនឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។

តាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ១៤ម៉ឺន២ពាន់តោន កើនឡើង២៣៩ %, ដំណាប់ស្វាយមានចំនួនជាង៨ពាន់តោន កើនឡើង១៣២% និងទឹកស៊ីរ៉ូស្វាយចំនួនជាង២ម៉ឺនតោន កើនឡើង ៥១%។

តាមស្ថិតិឆ្នាំ២០២០ ផ្ទៃដីដុះដំណាំស្វាយនៅកម្ពុជាមានចំនួន១៣ម៉ឺនហិកតា ដែលអាចមានបរិមាណស្វាយស្រស់ប្រមាណជា១៣៨ ម៉ឺនតោន ក្នុងមួយរដូវ៕

ស្វាយកម្ពុជា ចាប់ផ្ដើមនាំចេញទៅ ចិនលើកដំបូង

អត្ថបទ៖ មនោស៊ីតា
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.