យោងតាម​សារព័ត៌មាន​ Donga.com បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​បាន​ឱ្យ​ដឹង​ថា​តារា​សម្ដែង​ Ahn Bo-Hyun នឹង​ចូលរួម​សម្ដែង​ក្នុង​ភាព​យន្ត​ «2’Oclock Date» ចាប់​គូ​ជាមួយ​នឹង​ស្រី​ស្អាត​ Yoona ក្នុង​ឋានៈ​​ជា​តួឯក​ប្រុស​ជំនួស​​​លោក​​ Kim Seon Ho ដែល​សុំ​ដក​ខ្លួន​ចេញ​ពី​ការ​សម្ដែង​ដោយ​សារ​តែ​រឿង​អាស្រូវ​ជាមួយ​នឹង​អតីត​គូស្នេហ៍​។ តារា​ប្រុស​រូប​នេះ​មាន​ប្រវត្តិ​កម្សត់​ខ្លាំង​ណាស់​ ទម្រាំ​អាច​សាង​កេរ្តិ៍ឈ្មោះ​ និង​មាន​ឱកាស​បាន​សម្ដែង​ជា​តួអង្គ​ឯក​ តើ​ Ahn Bo Hyun មាន​ប្រវត្តិយ៉ាង​ណាខ្លះ​?

នៅ​ ក្នុង​កម្មវិធី​  “Home Alone” (“I Live Alone”) របស់​ថ្ថានីយ​ទូរ​ទស្សន៍​ MBC ដែល​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២១ បាន​​បង្ហាញ​ឱ្យ​ឃើញ​ពី​ជីវិត​ពិត​ខ្លះ​ៗ​របស់​តារា​រូប​នេះ ​ដោយ​នៅ​ ក្នុង​វីដេអូ​នោះ​លោក​បាន​រៀបចំ​ម្ហូប​អាហារ​និង​អញ្ជើញ​ម្ដាយ​របស់​លោក​មក​លេង​ទី​កន្លែង​ស្នាក់​នៅ​ របស់​លោក​ជា​លើក​ដំបូង​ តាំង​ពី​លោក​បាន​ចាកចេញ​ពី​ស្រុក​កំណើត​មកាន់​ទីក្រុង​ស៊េអូល​ដើម្បី​តាម​ចាប់​ក្ដី​សុបិន​ធ្វើ​ជា​តារាសម្ដែង​របស់​ខ្លួន​។

តួ​ឯក​ប្រុស​រឿង​ «My Name» ដែល​ទើប​តែ​បញ្ចាំង​ចប់​នៅ​ លើ​ទូរទស្សន៍ TVN រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ដែល​អញ្ជើញ​ម្ដាយ​ឱ្យ​លេង​នៅ​កន្លែង​ដែល​លោក​រស់​នៅ​ នោះ​ទេ​ ជារួម​គឺ​អស់​រយៈ​ពេល​១៧​ឆ្នាំ​ហើយ​ ដោយ​មូលហេតុ​ថា​បន្ទប់​ដែល​លោក​ស្នាក់​នៅ​ តូច​ចង្អៀត​ ដូច្នេះ​លោក​មិន​ចង់​ឱ្យ​ម្ដាយ​ឪពុក​លោក​បាន​ដឹង​ពី​សុខទុក្ខ​ពិត​និង​ការ​លំបាក​ដែល​លោក​ជួប​ប្រទះ​​នៅ​ ក្នុង​ការ​រស់​នៅ​ ទីក្រុង​សេអ៊ូល​ដើម្បី​ដើរ​តាម​ក្ដី​ស្រមៃ​ខ្លួន​ ម្យ៉ាង​ទៀត​លោក​ក៏​មាន​ការ​ខ្មាស​អៀន ដែល​លោក​រស់​នៅ​ បន្ទប់​តូច​ចង្អៀត​ និង​មិន​អាច​រស់​នៅ​ ក្នុង​ជីវិត​សុខ​សប្បាយ​ ទៅ​ តាម​​គ្រួសារ​លោក​ចង់​បាន​​។

បុរស​ខ្ពស់​ស្រឡះ​រូប​នេះ​ត្រូវផ្លាស់​ប្ដូរ​កន្លែង​រស់​នៅ​ ជាញឹក​ញាប់​ ដើម្បី​រក​កន្លែង​រស់​នៅ ដែល​មាន​តម្លៃទាប​ ក្រៅ​ ពី​នោះ​តារា​រូប​នេះ​ក៏​បាន​រំលឹក​ដល់​កាល​ទើប​មក​រស់​នៅ​ ទីក្រុង​ថ្មីៗ​ ហើយ​ធ្វើ​ការ​ជា​អ្នក​ដឹកជញ្ជូន​ (Delivery Man) លោក​មិន​អាច​ទៅ​ លេង​ស្រុក​កំណើត​បាន​ឡើយ​នៅ​ពេល​មាន​បុណ្យ​ទាន​ម្ដង​ៗ លោក​បាន​ពោល​ថា​ជីវិត​លោក​កាល​ណោះ​គឺ​ពិត​ជា​​​ក្រលំបាក​ខ្លាំង ដោយ​មាន​ម្ដង​នោះ​លោក​មក​ផ្ទះ​វិញ​ស្រាប់​តែ​លិច​ទឹក​ពេញ​ក្នុង​បន្ទប់​។

លោក​ចែក​រំលែក​នៅ​ ក្នុង​កម្មវិធី​នោះ​ទៀត​ថា​កាល​ណោះ​ជីវិត​លោក​ពិត​ជា​លំបាក​ណាស់​ កាល​ណោះ​លោក​ធ្លាប់​គិត​ដែរ​ថា​តើ​លោក​គួរ​តែ​បោះបង់​ចោល​ដែរ​ទេ?​ ជាមួយ​នឹង​ចម្លើយ​របស់​តារា​រូប​នេះ​ម្ដាយ​របស់​លោក​បាន​សម្រក់​ទឹក​ភ្នែក​និង​និយាយទៅ​ កាន់​ក្រុម​ផលិត​ថា​ លោក​ស្រី​ពិត​ជា​ឈឺចាប់​ណាស់ ព្រោះ​ពេល​ខ្លះ​លោក​ស្រី​មិន​ដឹង​ថាកូន​ប្រុស​ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​លំបាក​វេទនា​បែបណា​ខ្លះ​? ពេល​ដែល​លោក​ឈឺ​នៅ​ តែ​ម្នាក់​ឯង​គ្មាន​អ្នក​ណា​មើល​ថែ​ក៏​លោក​ស្រី​មិន​ដឹង​ពី​សុខទុក្ខ​របស់​កូន​ លោក​ស្រី​លើក​ឡើង​ទៀត​ថា​លោក​ស្រី​ដឹង​ថា​កូន​លំបាក​ តែ​មិន​ស្មាន​ដល់​ថា​កូន​លំបាក​ដល់​ថ្នាក់​នេះ​នោះ​ទេ​។

យ៉ាង​ណា​មិញ​ Ahn Bo Hyun បាន​សរសេរ​សំបុត្រ​ជូន​ថវិកា​ខ្លះ​ដល់​ម្ដាយ​របស់​លោក​ដោយ​ក្នុង​អត្ថន័យ​សំបុត្រ​នោះ​ ម្ដាយ​របស់​លោក​បង្កើត​លោក​តាំង​ពី​អាយុ​២០​ឆ្នាំ​ ដូច្នេះលោក​មិន​ដឹង​ទេ​ថា​តើ​ម្ដាយ​របស់​លោក​ធ្លាប់​មាន​សុបិន​បែបណា​ តើ​ម្ដាយ​របស់​លោក​ធ្លាប់​បាន​ប្រើ​ប្រាស់​ជីវិត​ជា​យុវវ័យ​​បាន​កម្រិត​ណា​ ដែល​រឿង​នេះ​បាន​ធ្វើ​លោក​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ ម្យ៉ាង​វិញ​ទៀត​លោក​ធ្លាប់​លើក​ឡើង​ថា​កាល​ពី​ក្មេង​លោក​ធ្លាប់​ខ្មាស​គេ​ដោយសារតែម្ដាយ​របស់​លោក​មាន​អាយុ​ក្មេង​ ប៉ុន្តែ​នៅ​ ពេល​នេះ​លោក​មាន​មោទកភាព​ដែល​ម្ដាយ​លោក​នៅ​ រឹងមាំ​ និង​វ័យ​ក្មេង​។ ខណៈ​ដែល​ម្ដាយ​របស់​លោក​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​ការ​ប្រឹងប្រែង​របស់​កូន​ប្រុស​កំពុង​តែហុច​ផល​ជា​ផ្លែ​ផ្កា​ ធ្វើ​លោក​មាន​ឱកាស​បាន​សម្ដែង​រឿង​ភាគ​ធំៗ​ និង​សម្ដែង​ជា​តួអង្គ​ធំៗ​ផងដែរ។

អតីត​យុវជន​ដែល​ប្រើ​ជីវិត​រសាត់​អណ្ដែត​រូប​នេះ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​អ្នក​បង្ហាញ​ម៉ូដ​នៅ​ ឆ្នាំ​២០១៤​ ហើយ​ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​នៅ​ ឆ្នាំ​២០១៦​ តាម​រយៈ​សម្ដែង​ភាពយន្ត​រឿង​ «Hiya» ក្រៅ​ ពី​នោះ​រឿង​ដែល​ធ្វើ​ឱ្យ​លោក​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ពី​ហ្វេន​មាន​ដូច​ជា​ «Descendants of the Sun» «Dokgo Rewind» «Her Private Life» និង «Itaewon Class» ក្រោយ​ពី​ឃើញ​សមត្ថភាព​ពូកែ​សម្ដែង​ និង​រូប​សម្បត្តិ​សង្ហា​ លោក​ត្រូវ​បាន​ផលិតករ​និង​អ្នក​ដឹកនាំ​ជ្រើសរើស​ជា​តួឯក​ក្នុង​រឿង​ «My Name» ជាមួយ​នឹង​ស្រីស្អាត​ Han So Hee និង​ថ្មីៗ​នេះ​លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួឯក​ជាមួយ​នឹង​ស្រីស្រស់​ Im Yoona សមាជិក​ក្រុម​ចម្រៀង​ Girl Generation៕

Telegram-Troryorng

Share.