ក្រុមបាល់ទាត់​ក្នុង​សាល ឬ​ហៅ​ថា​ហ្វូតសាល របស់​ជម្រើស​ជាតិ​វៀតណាម ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំង​៤ ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) សម្រេច​ឱ្យ​​ចូលរួម​ប្រកួត​ជម្រុះ​ដណ្តើម​ដណ្តើម​២​កៅអី​ឡើង​ទៅ​លេង​​ក្នុង​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ជាមួយ​ក្រុម​​ជប៉ុន,អ៊ីរ៉ង់ និង​អ៊ូបេគីស្ថាន ដែល​​មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ។

សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម បាន​រៀបចំ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដល់​​កីឡាករ​ជា​សមាជិក​ក្រុម​និង​ក្រុម​ការងារ​គ្រូ​បង្វឹក​ សម្រាប់​ក្រុម​ខ្លួន​រួចរាល់​ហើយ​កាល​ពី​​ថ្ងៃ​ពុធ ទី៥ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ 175 Military ក្នុង​ទីក្រុង​ហូជីមិញ។ ការ​ចាក់វ៉ាក់សាំង​នេះ​ក្រោយ​ពេល​កីឡាករ​២២នាក់​ត្រូវ​បាន​លោក Pham Minh Giang ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​វៀតណាម កោះហៅ​ប្រមូល​ផ្ដុំ​នៅ​មជ្ឍមណ្ឌល​កីឡា Thai Son Nam Sports Center។

ជម្រើស​ជាតិ​វៀតណាម ត្រៀម​ផែនការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្លិប​ក្នុង​ស្រុក​ដូចជា Thai Son Nam និង Sahako មុន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប់រួម ដែល​ជា​ទឹកដី​កណ្ដាល​សម្រាប់​ប្រកួត​ជម្រុះ 2021 FIFA Futsal World Cup ប្រចាំ​ទ្វីប​ដែល​ AFC ​រៀបចំ​ទុក។

បើ​តាម​លោក Tran Quoc Tuan អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម លើក​ឡើង​ថា​សហព័ន្ធ​បាន​ទាក់ទង​ជាមួយ​ភាគី​ថៃ ដែល​ជា​បេក្ខភាព​ប្រកួត​ជម្រុះ​ World Cup ដូចគ្នា​នេះ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម ផ្ទាល់​តែ​ម្ដង នៅ​ក្នុង​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ។

សូម​បញ្ជាក់​ថា​មាន​ប្រទេស​ចំនួន​៥ មាន​ឈ្មោះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ឡើង​ទៅ​លេង​ពាន FIFA Futsal World Cup 2021 ខណៈ AFC បាន​ជ្រើសរើស​ក្រុម​ចំនួន៣ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​​កាល​ពី​ប្រកួត AFC Futsal Championship 2018 មាន​ឈ្មោះ​ឡើង​ទៅ​លេង​ដោយ​ស្វ័យ​ប្រវត្តិ​មាន​​ដែល​កាល​នោះ​មាន​អ៊ីរ៉ង់ ជា​ម្ចាស់​ជើង​ឯក ជប៉ុន ជា​ជើង​ឯក​រង​និង​អ៊ូបេគីស្ថាន ជា​ក្រុម​មេដាយ​សំរឹទ្ធ។ ចំណែក​២ក្រុម​ទៀត នឹង​ជ្រើស​ចេញ​ពី​វគ្គ​ជម្រុះ​រវាង​ក្រុម​​លេខ​៤ ដល់​លេខ​​៧ ដោយ​​ក្រុម​លេខ៤​អ៊ីរ៉ាក់ ប៉ះ​ក្រុម​​លេខ​៦ ថៃ និង​ក្រុម​លេខ​៥ លីបង់ ជួប​ក្រុម​លេខ៧​វៀតណាម។

ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ជើង​ទី១ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ប្រទេស​អារ៉ាប់រួម ហើយ​ជើង​ទី២ ធ្វើ​ឡើង​នៅ​៥​ថ្ងៃ​បន្ទាប់។ ក្រុម​ឈ្នះ​ទាំង​២​គូ​នេះ​​នឹង​ទទួល​កៅអី​ ឡើង​ទៅ​លេង​ពាន 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ៕

Share.