កំពង់ធំ៖ ការដឹកជញ្ជូនឈើគ្រប់រូបភាពមានដូចជា តាមរទេះក្របី រ៉ឺម៉កវែងៗ គោយន្ត រថយន្តតូចធំ ជារៀងរាល់ថ្ងៃ មិនថាយប់និងថាថ្ងៃ គ្មានការទប់ស្កាត់បង្ក្រាប ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

តាមអ្នកប្រកមុខរបរនេះ បានបង្ហើបឱ្យសារព័ត៌មានដឹងនៅ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ថា ក្នុងការដឹកជញ្ជូនឈើទាំងនេះ គឺពួកខ្លួនបានប្រ កាសទំនាក់ទំនង និងមានការបង់លុយជូនមន្ត្រីជំនាញ ( បរិស្ថានរដ្ឋបាលព្រៃឈើ ) និងមន្ត្រីសមត្ថកិច្ជជំនាញ ជាមន្ត្រីនគរបាលយុត្តិធម៌ ហើយដែរ។ ពួកគេបានបន្តថា កុំថាឡើយដឹកឈើប្រណិត ឈើសំណង់ កូនឈើ សូម្បីដឹកអូស ដឹកធ្យូង ដឹកគ្រឿងឈើកែច្នៃរួច ក៏យល់របៀបរត់ការប្រកាសបង់លុយជូនមន្ត្រីបរិស្ថាន មន្ត្រីព្រៃឈើដែរ បើពុំនោះទេមិនអាចរកស៊ីបាននោះទេ ។

ទាក់ទងនិងការលើកឡើងនេះដែរ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានប្រាប់តាមទូរសព្ទ នាថ្ងៃទី១៥ ខែធ្នូ នេះថា ខ្ញុំ ចង់សួរត្រឡប់ទៅ វិញ តើករណីខាងលើនេះ កើតឡើងនៅ តំបន់ណា? នៅ ពេលណា? ចុះការបង់លុយបង់កាក់យ៉ាងម៉េច ? វាជារឿងរបស់សារព័ត៌មាន ខ្ញុំមិនយល់​ ដូចលើផ្លូវជាតិ ៦២ អីមិនមែនជាសមត្ថកិច្ច ភារកិច្ចរបស់ខ្ញុំទេ។ គឺខាងមន្ត្រីគេទេ ប៉ុន្តែលោក គ្រាន់តែជាអ្នកសារព័ត៌មានគ្មានអ្វីជាក់លាក់បញ្ជាក់ តើធ្វើម៉េច? ពេលនេះខ្ញុំជាប់ប្រជុំ។

ចំណែកលោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំបានប្រាប់តាមទូរសព្ទនៅ ថ្ងៃទី ១៥ ធ្នូ នេះដែរថា ”រាល់ថ្ងៃនេះ បើមាន ឈើខុសច្បាប់ គឺមន្ត្រីជំនាញ យើងខ្ញុំមានការ ហាមឃាត់ ទប់ស្កាត់ និង ចាត់ការហើយ ។ ជារួមខ្ញុំបានណែនាំជាហូរហែរ និងដាក់វិធានការ ផងដែរ ។ ក៏ប៉ុន្តែមន្ត្រីជំនាញយើងខ្ញុំ មានចំនួនតិច ឯជនល្មើសខិលខូច ប៉ិនប្រសប់ណាស់ ដូច្នេះវាមានការចន្លោះប្រហោងខ្លះដែរ”

លោកនាយខណ្ឌរដ្ឋបាល ព្រៃឈើរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និង សាធារណជនគ្រប់រូប សូមឱ្យពួកគាត់ ចូលរួមការពារព្រៃឈើ កុំកាប់បំផ្លាញព្រៃឈើ ទាល់តែយើងរួមគ្នា ចេះរក្សាព្រៃឈើ តំបន់ពួកគាត់រស់នៅ កាលណាយើងគ្មានការចូលរួមទេ មន្ត្រីជំនាញ តែមួយមុ ខ គឺយើងមិនអាចការពារ ព្រៃឈើរាប់សិបម៉ឺនហិតា បាននោះទេ៕

Share.