Chelsea (អាវខៀវ) ប្រកួតជាមួយក្រុម Man City (អាវទឹកសមុទ្រ)

បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League រដូវកាល​ឆ្នាំ​២០២០-២០២១ មាន Chelsea និង Manchester City នៅ​ថ្ងៃ​ព្រសហ្បត្តិ៍ សប្ដាហ៍​នេះ​បាន​ស្នើសុំ​​ប្តូរ​ទីលាន​ប្រកួត​ពី​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី ទៅ​ធ្វើ​នៅ​កីឡដ្ឋាន Wembley Stadium ដែល​ជា​កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​អង់គ្លេស វិញ។

ការ​ស្នើសុំ​បែប​នេះ​ក៏​ព្រោះ​តែ​ប្រទេស​ទួរគី ស្ថិត​ក្នុង​សភាព​បិទ​ខ្ទប់​ (Lockdown) នៅ​ឡើយ បន្ទាប់​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ខណៈ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ទៅ​ពី​ប្រទេស​អង់គ្លេស​ទាំង​២​នេះ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ​នៅ​កីឡដ្ឋាន Atatürk Olympic Stadium ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល ដែល​ជា​ការ​កំណត់​របស់​​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA)។

យ៉ាងណាក្តី​ភាគី UEFA ហាក់​មិន​​ទាន់​ឆ្លើយ​តប​ថា​យ៉ាងណានោះ​ទេ តែ​ក្លិប​ទាំង​២​គ្រោង​ស្នើសុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) ឱ្យ​ជួយ​សម្របសម្រួល​ពី​​បញ្ហា​នេះ ព្រម​ទាំង​អាច​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ពាន Champions League អាយុ​៦៦​ឆ្នាំ​ហើយ នេះ​ជា​លើក​ទី៣ ដែល​ក្រុម​អង់គ្លេស​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

កន្លង​មក UEFA ធ្លាប់​រៀបចំ​ផែនការ​អនុញ្ញាតិ​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ចំនួន​៩,០០០នាក់ ប៉ុន្តែ​អ្នក​ជំនាញ​សុខភាព​​បាន​ចោទ​ថា​ការ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ធ្វើ​ដំណើរ​ទៅ​ទួរគី​​ គឺ​បង្ហាញ​ពី​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ ខណៈ​កាល​ពី​សប្ដាហ៍​មុន UEFA បាន​កែប្រែ​មិន​អនុញ្ញាត​ឱ្យ​​អ្នក​គាំទ្រ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​នៅ​ទឹកដី​អឺរ៉ុប នោះ​ទេ។

លោក​ប្រធានាធិបតី​ទួរគី​ Recep Tayyip Erdoga សម្រេច​ចិត្ត​បិទ​ប្រទេស​​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​១៧ ខែ​ឧសភា ឆ្នាំ​២០២១ គឺ​រយៈពេល​១២​ថ្ងៃ​​មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ដល់ ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ប្រភេទ​ថ្មី SARS-CoV-2 កំពុង​រីករាលដាល​ខ្លាំង​នៅ​ទឹកដី​អឺរ៉ុប។

ដោយ​មើល​ឃើញ​ពី​បញ្ហា​នៅ​ប្រទេស​ទួរគី នេះ​ហើយ​ទើប​ក្រុម​បាល់ទាត់ Chelsea និង Manchester Cityស្នើសុំ​ធ្វើការ​ផ្លាស់ប្តូរ​ទីកន្លែង​ប្រកួត​តែ​ម្តង ដើម្បី​​សុវត្ថិភាព​នៃ​អ្នក​គាំទ្រ៕

Share.