ពោធិ៍សាត់៖ ក្រុមក្មេងទំនើងចំនួន 2 នាក់ក្នុងចំណោមគ្នីគ្នា 4 នាក់ប្រដាប់ដោយកាំបិតខ្វែវ នឹងដំបងត្រូវបាននគរបាលស្រុកកណ្ដៀងចាប់ខ្លួនក្នុងពេលដែលពួកគេចូលធ្វើសកម្មភាពកអុកឡុកកម្មករធ្វើសំណង់ក្នុងបរិវេណវត្ត។

ប្រតិបត្តិការនេះធ្វើឡើងក្នុងបរិវេណវត្តពុទ្ធារាម ហៅវត្តភូមិស្ទឹង ក្នុងភូមិស្ទឹងឃំុកណ្ដៀង ស្រុកកណ្ដៀងខេត្តពោធិ៍សាត់វេលាម៉ោង 3 និង 30 នាទីរសៀលថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021។

សមត្ថកិច្ចប្រាប់ឲ្យដឹងថាជនសង្ស័យទី 1 ឈ្មោះវ៉ែនវ៉ាន់ឌី ភេទប្រុសអាយុ 28 ឆ្នាំនិងទី 2 ឈ្មោះឈប់បុណ្យវ៉ាគីមភេទប្រុសអាយុ 18 ឆ្នាំជនសង្ស័យទាំងពីរនាក់រស់នៅក្នុងភូមិបង្គោលឃុំកណ្ដៀងស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងកាំបិតខ្វែវមួយដើមនិងម៉ូតូ 1គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីរៀបចំសំណុំរឿងតាមច្បាប់។ចំណែកជនសង្ស័យចំនួន 2 នាក់ដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់តាមក្រោយ៕

Share.