កំពង់ធំ៖ មន្ទីរកសិកម្មខេត្តកំពង់ធំ សហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈស្តីពីការលក់ថ្នាំជី កសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដល់អាជីករ និងបុគ្គលិកក្រុមហ៊ុនចំនួ ន១៨៥នាក់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។

លោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ លើការអប់រំ សមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ និងបុគ្កលិក ក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារកសិកម្ម ឱ្យបានយល់ដឹងពីច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងការធ្វើ អាជីវកម្មលក់ ដុំលក់រាយ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស លើសម្ភារកសិកម្ម ធានានិងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ចំពោះវគ្គបណ្តុះនេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នមានចំនួន៩វគ្គហើយ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកកសិកម្មលើកឡើងដែរថា វគ្គអប់រំបណ្តុះបណ្តាលនេះ មិនមែនសម្រាប់អាជីវករ ឬក្រុមហ៊ុន ឲ្យអនុវត្តស្របច្បាប់ប៉ុណ្ណោះនោះទេ ប៉ុន្តែ គឺជាការចូលរួមថែរក្សាសុខភាព សុវត្ថិភាព ទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទានផងដែរ ។នេះជាទំនួលខុសត្រូវទាំងអស់គ្នា ទាំងការថែទាំបរិស្ថាន កាត់បន្ថយជាតិពុល ឬសារធាតុគីមីក្នុងម្ហូប អាហារ ។

លោកបន្តថា ការប្រើប្រាស់ថ្នាំ និងជី កសិកម្ម គឺជាកត្តាដែលមិនអាចខ្វះបាន សម្រាប់ដំណាំគ្រប់ប្រភេទ ដូច្នេះចាំបាច់បំផុត អាជីវករគ្រប់រូប មុននឹងលក់ទៅឲ្យអតិថិជនត្រូវយល់ដឹងពីការប្រើប្រាស់ និងណែនាំ ទៅអ្នកប្រើប្រាស់ផ្ទាស់ឲ្យយល់ដឹងពីការប្រើប្រាស់ នៃប្រភេទថ្នាំ ជី កសិកម្មរបស់ខ្លួន។ ទន្ទឹមនេះផងដែរ អាជីវករទាំងអស់ត្រូវ យល់ដឹង និងស្គាល់ឲ្យច្បាស់ ពីប្រភេទថ្នាំ ដែលបានចុះបញ្ជីការអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងកសិកម្ម ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងចូលរួមថែរក្សាសុខភាពសាធារណៈ៕

Share.