ភ្នំពេញ ៖ ម៉ូតូធូដេ ជិះដោយក្មេងប្រុស អាយុ១២ឆ្នាំម្នាក់ បើកលឿនជ្រុលទៅបុកពីក្រោយ ម៉ូតូហុងដាវ៉េវ បណ្តាលឲ្យរងរបួសធ្ងន់សងខាង ស្ត្រីចំណាស់ម្នាក់ត្រូវត្រគៀកងើបមិនរួច ក្មេងប្រុសបាក់កដៃឆ្វេង នៅលើផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ជិះដោយស្ត្រីម្នាក់ ក៊តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បង្អន់ល្បឿនដោយសារមានយានខាងមុខ ស្រាប់តែក្មេងប្រុសម្នាក់ អាយុទើប១២ឆ្នាំ ជិះម៉ូតូធូដេ ពណ៌ខ្មៅ ល្បឿនលឿន ក្នុងដំណើរស្របទិស ជ្រុលបុកពីក្រោយ បណ្តាលឲ្យធ្លាក់ស្ត្រីរងគ្រោះ បណ្តាលឲ្យរបួសត្រូវត្រគៀក ងើបមិនរួច ចំណែកក្មេងប្រុស របួសបាក់កដៃឆ្វេង ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកក្មេងប្រុស ទោះជាក្រុមគ្រូពេទ្យជួយមើលហើយ សូមឲ្យទៅពេទ្យជាមួយគ្នា ក៏ប៉ុន្តែគាត់សុំរងចាំឪពុកម្តាយទៅទទួលយកទៅពេទ្យ និងយកម៉ូតូទៅជួលជុលខ្លួនឯងវិញ ទើបភាគីខាងស្ត្រីរងគ្រោះ យល់ស្របតាម មានតែទៅពេទ្យ និងយកម៉ូតូទៅជួលជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Share.