ការចូលរួមពីសំណាក់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ក្នុងនោះពលរដ្ឋគ្រប់រូបអាចចូលរួមបានតាមរយៈចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងការអនុវត្តវិធានការ៣កុំ ៣ការពារជាដើម។

នេះជាការលើកឡើងរបស់ប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែនតាមរយៈសារលិខិតអបអរ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»

ក្នុងសារលិខិតនោះដែរ សម្តេចប្រធានបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា ក្នុងការបំផុសកម្លាំងឱ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ អនុវត្តវបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល វិធានរដ្ឋបាលនានា និងជាពិសេសពង្រឹងយុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និងបន្តរួមកម្លាំងគ្នាជាចរន្តជាតិមួយ ក្នុងការជំនះគ្រប់ឧបសគ្គ ដើម្បីប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមគន្លងថ្មី និងកសាងភាពធន់របស់សង្គមជាតិ៕

Share.