សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបានគេចវេសការធ្វើចត្តាឡីស័ក និងបានចម្លងទៅអ្នកដទៃក្នុងសហគមន៍របស់ខ្លួនចំនួន០៧នាក់។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ អ៊ឹង ថៃលី ជាអាជីវករផ្សារក្រោម មានទីលំនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។

បុរសឈ្មោះ រូបនេះ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ប្រព្រឹត្តនៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២១។

យោងតាមសាវតាបង្ហាញថា បរុសម្នាក់នេះបានចេញចូលហាងកាហ្វេលឹង្គ១០០០ ដែលបានផ្ទុះជំងឺកូវីដ១៩ កាលពីចុងខែមីនា ហើយបុរសរូបនេះធ្លាប់ចេញចូលហាងកាហ្វេនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា។

រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ទើបសមត្ថកិច្ចស្វែងរកឃើញ និងបញ្ជូនមកយកសំណាក ធ្វើតេស្តនិងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ ក្រោយពេលក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានដែលពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេលឹង្គ១០០០ចំនួន ២នាក់បន្ថែមទៀត ។

ថ្ងៃទី១១ ខែមេសា ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកឈ្មោះ អ៊ឹង ថៃលីទៅពិនិត្យទទួលបានលទ្ធផលបញ្ជាក់ថាបុគ្គលនេះមានវិជ្ជមានកូវី១៩។

បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា បុរសរូបនេហត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវមកយកសំណាក ធ្វើតេស្តម្តងទៀតនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី៧ ខែឧសភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ៕

Share.