ក្នុងបរិបទនៃសម័យកាលកូវីដ-១៩នេះ ការសិក្សាអប់រំនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក និយាយដោយឡែកកម្ពុជាយើងតែម្ដង បាននិងកំពុងប្រឈមយ៉ាងខ្លាំង។ ការសិក្សាពីចម្ងាយ (E-Learning) ជាជម្រើសដ៏ល្អមួយត្រូវបានយកមកអនុវត្ត។ តើយើងគួររៀនតាមវិធីណាទើបមានប្រសិទ្ធភាព? តាមរយៈ ត្រយង ខ្ញុំសូមចូលរួមគន្លឹះ៦ជំហានសម្រាប់ជាធាតុចូលដល់ប្អូនៗអ្នកសិក្សា។

សូមចុចត្រង់នេះ៖ មាគ៌ា៤យ៉ាងនៃជីវិត , រៀន រក គិត ប្រព្រឹត្តល្អ!
១. ការដាក់ចិត្ត (Determination): គ្មានអ្វីត្រូវអល់អែកទេ ដើម្បីអាចទទួលបាននូវការសិក្សាមួយពីចម្ងាយបាន គឺការដាក់ចិត្តរៀនសិន។ វាជារឿងថ្មីសម្រាប់សិស្សានុសិស្សពិសេសនៅថ្នាក់វិទ្យាល័យចុះក្រោម ដែលរៀនមិនមានគ្រូនៅជាមួយ ប៉ុន្តែបើសិនណាសិស្សមានការតាំងចិត្តថារៀន នោះថ្នាក់សិក្សានឹងអាចដំណើរការទៅបាន។
២. ធ្វើកាលវិភាគរៀន (Time Table): ក្រៅពីរៀនជាមួយគ្រូតាមម៉ោងសិក្សា ដែលសាលាបានកំណត់ សិស្សក៏អាចធ្វើកាលវិភាគផ្ទាល់ខ្លួនមួយផ្សេងទៀត ដែលបែងចែកពេលវេលារៀនដោយខ្លួនឯង។ ការពិត រៀនជាមួយគ្រូជាកត្តាសំខាន់ហើយ ប៉ុន្តែបើខ្លួនសិស្សផ្ទាល់មិនមានពេលរៀនគ្រប់គ្រាន់ដោយខ្លួនឯងទេ នោះលទ្ធផលក៏មិនគាប់ប្រសើរពេកដែរ។
៣. បង្កើតថ្នាក់រៀនឯកជន (Study Class): នៅផ្ទះ ឬបន្ទប់តូចក៏ដោយ បើចេះរៀបចំ នោះវានឹងក្លាយជាថ្នាក់រៀនដ៏ពេញលេញមួយបាន។ សិស្សត្រូវរៀបចំបន្ទប់របស់ខ្លួនឲ្យមានរបៀបល្អ មានសោភណភាពស្រស់បំព្រង និងក្លិន ឬខ្យល់ចេញចូលល្អ ធ្វើឲ្យមានអារម្មណ៍ជ្រះថ្លានឹងរៀនសូត្រ។ កុំភ្លេច ចាត់ទុកជាថ្នាក់រៀនរដ្ឋ ដែលត្រូវបដិបត្ត។
៤. ស្រាវជ្រាវ និងឆ្លើយតប (Research and Responsible): ការស្វែងរកព័ត៌មាន ឬទិន្នន័យបន្ថែមជាជំហានដ៏ស្រួចស្រាវក្នុងការបាននូវចំណេះដឹង។ មេរៀន ឬលំហាត់កិច្ចការដែលគ្រូដាក់មក សិស្សត្រូវបំពេញ និងបញ្ជូនត្រឡប់វិញដើម្បីឲ្យគ្រូកែតម្រូវបន្ត។
៥. ប្រឹក្សា (Advise): ដំបូន្មានជាចំណេះដឹងគ្មានព្រំដែន និងព្រៀងទុក។ នៅពេលណា មិនយល់ មិនច្បាស់លាស់លើខ្លឹមសារនៃមេរៀន ឬចំណុចដទៃទៀត សិស្សត្រូវកុំខ្មាសអៀនហើយហ៊ានសួរនាំ និងទទួលយកនូវការចង្អុលបង្ហាញពីគ្រូ ឬនរណាម្នាក់ ដែលមានមូលដ្ឋានច្បាស់លាស់។
៦. តាមដានលទ្ធផល (Evaluate): លទ្ធផល ជាបទពិសោធន៍ជាក់ស្ដែងដែលត្រូវទទូលយកបាន។ សិស្សត្រូវធ្វើការតាមដាន និងវាយតម្លៃលើសមត្ថភាពរៀនខ្លួនជាប្រចាំថាតើបានកើនដល់កម្រិតណា។ ក្នុងនោះ សិស្សអាចធ្វើលំហាត់ ឆ្លើយសំណួរមេរៀន និងចំណុចពាក់ព័ន្ធដទៃទៀត ដើម្បីស្ទង់មើលពីអ្វីដែលខ្លួនបានចេះចាំ៕
លោក សក ឡី
អនុប្រធានក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌៣ខេត្ត
