ក្លិប​បាល់ទាត់​កងយោធពលខេមរភូមិន្ទ Tiffy Army FC ដែល​ជា​សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​​បាន​បញ្ចប់​សកម្មភាព​ចែក​អំណោយ​​សប្បុរសធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀងអាហារ​ អំឡុង​ពេល​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ-តាខ្មៅ ដោយ​សារ​ការ​ឆ្លងរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។ ​

ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​បាន​ជូនដំណឹង​ថា​បន្ទាប់ពីបេសកម្ម ចំនួន ៣០២ គ្រួសារត្រូវ​បាន​បញ្ចប់ និង​ ដោយ​សារ​មាន​ការ​ស្នើសុំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបផល​លំបាក​ខ្វះខាត​ស្បៀង​អារហារ ក្នុង​អំឡុង​ពេល​បិទខ្ទប់​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ចុងក្រោយ​នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ម្សិលមិញ​ ក្រុមការងារ​​ក្លិប Tiffy Army FC បាននាំយកអំណោយ របស់លោក ខូវ ឆាយ អគ្គលេខាធិការ​​ក្លិប​ ទៅចែកជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ចំនួន១០ គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សរុបបេសកម្ម​ កម្មវិធីសប្បុរសធម៌​ចែកស្បៀងអាហារដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ផល​លំបាក​ខ្វះខាត ក្នុងអំឡុងពេលបិទខ្ទប់ គឺមានចំនួន ៣១២ គ្រួសារ។

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​ Tiffy Army FC បច្ចុប្បន្ន​កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ចំណោម​សមាជិក​ទាំង​១៣ ក្នុង​ពានរង្វាន់ Metfone Cambodian League 2021 ក្រោយ​ប្រកួត​បាន​៤លើក ឈ្នះ​បាន​២លើក ស្មើ១លើក និង​ចាញ់​១លើក៕

Share.