រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ បានបង្ហាញនូវការសាទរចំពោះការ ថយចុះនៃករណីគ្រោះថ្នាក់ចរាចរក្នុងរយៈពេល១១ខែឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០។

បើតាមសម្តេចក្រឡាហោម ស ខេង កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ៥៣៣លើកស្មើនឹង១៨ភាគរយ អ្នកស្លាប់១៦៧នាក់ស្មើនឹង១១ភាគរយ និងអ្នករបួស បាន១១២០នាក់ស្មើនឹង២៦ភាគរយ។

សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះពលីកម្មរបស់មន្រ្តីអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវ័យ ទទួលខុសត្រូវក្នុងការរឹតបន្តឹងអនុវត្តច្បាប់ បានរក្សាសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអប់រំច្បាប់ កសាងជួសជុលកែលម្អរផ្លូវថ្នល់ សង្គ្រោះជនរងគ្រោះ និងការងារផ្សេងៗទៀត ធ្វើឱ្យទទួល បានលទ្ធផលគួរកត់សំគាល់ ពិសេសបានកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយ គ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះសម្ដេចនៅតែបង្ហាញក្ដីបារម្ភចំពោះកំណើនគ្រោះថ្នាក់ជាក្រុម ដូចជាការបាត់បង់ ជីវិតគ្រួសារចំនួន៧នាក់នៅស្រុកជំគិរី និងការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៣ក្រុងបូគោ ខេត្តកំពត ការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៥ស្រុកមោងឬស្សី និងករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តដឹកកម្មករតាមបណ្ដាខេត្តមួយចំនួន។

សម្ដេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោកផងនោះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ បានកត់សំគាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីបើកបរលើស ល្បឿន កំណត់ មិនគោរពសិទ្ធិអាទិភាព និងការមិនប្រកាន់ស្ដាំ៕

Share.