នៅ​វេលា​ម៉ោង​៧:១៧នាទី​យប់ ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២១ ថ្មីៗនេះ ​ក្លិប​បាល់ទាត់ MOF Customs United F.C សមាជិក​ពានរង្វាន់​លីគ​កម្រិត​ទី២​របស់​ប្រទេស​ថៃ (Thai League 2) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត Samut Prakanបាន​បង្ហោះ​រូបថត​កីឡាករ ច្រឹង ពលរដ្ឋ អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​កីឡាករ​ក្នុង​ក្រុម​បាល់ទាត់​វិសាខា ក្នុង​ប្រទេស​កម្ពុជា ថា​នឹង​ចូល​រួម​ក្នុង​ក្រុម​ខ្លួន​នា​ពេល​ឆាប់ៗ។

រូបថត​របស់ ច្រឹង ពលរដ្ឋ ដែល​កាល​នោះ​បាន​ចុះ​កិច្ចសន្យា​ខ្ចី​ជើង​ឱ្យ​ក្លិប​ Buriram United កាល​ពី​ឆ្នាំ​២០១៩ ជាមួយ​លោក​ប្រធាន​ក្លិប Newin Chidchob ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប ​ដោយ​បិទ​មុខ​កីឡាករ​កម្ពុជា​រូប​នេះ ជាមួយ​នឹង​ពាក្យ​ថា «Coming Soon»។

អត្ថបទពាក់ព័ន្ធ៖ក្លិប​​វិសាខា បង្ហាញ​ប្លង់រួម​របស់​កីឡដ្ឋាន​ព្រីនស៍ គ្រោង​បញ្ចប់​ការ​សាងសង់ នៅ​ចន្លោះ​ឆ្នាំ​២០២៣-២០២៤

ជុំ​វិញ​នឹង​បញ្ហា​នេះ​លោក ហុក សុចិត្រា អគ្គលេខាធិការ​របស់​ក្លិប​​បាល់ទាត់​វិសាខា ដែល​ជា​ក្លិប​សាមី​របស់​កីឡាករ ច្រឹង ពលរដ្ឋ កំពុង​តែ​ប្រកប​អាជីព​នាពេល​បច្ចុប្បន្ន បាន​បញ្ជាក់​មក​កាន់​សារព័ត៌មានត្រយង ​ថា៖«ដូចជា​មិន​មាន​ទាន់​មាន​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​នោះ​ទេ គ្រាន់​តែ​មាន​ការ​ទាក់ទង​​សួរនាំ​ (ពី​ខាង​ភាគី​ថៃ) ប៉ុន្តែ​​ឱ្យ​ពិត​ប្រាកដ​ថា​យ៉ាង​ម៉េច​គឺ​មិន​ទាន់​​ចេញ​ជា​រូបរាង​នៅ​ឡើយ»។

ពានរង្វាន់​លីគ​ទី២​ប្រទេស​ថៃ បាន​បើក​​ទីផ្សារ​​ដោះដូរ​កីឡាករ​លើក​ទី១ ​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​ការ​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី២ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៨ ខែ ធ្នូ ឆ្នាំ​២០២១ ដល់ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០២២។ ចំណែក​ផែនការ​ប្រកួត​រដូវកាល​ថ្មី​ឆ្នាំ​២០២១ ដល់​២០២២ នឹង​ប្រកួត​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០២២។

ក្លិប​បាល់ទាត់ MOF Customs United F.C មាន​គ្រូ​បង្វឹក​ជា​​ជនជាតិ​ស្វីស ​គឺ លោក Damian Bellón ហើយ​បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២០-២១ ឈរ​ចំណាត់​ថ្នាក់​លេខ​១៣ ក្នុង​ចំណោម​ក្រុម​ជា​សមាជិក​ទាំង​​១៨ក្រុម ក្រោយ​ប្រកួត​បាន​៣៤លើក ឈ្នះ​បាន​១១លើក ស្មើ​គ្នា​៦លើក និង​ចាញ់​១៧លើក មាន​៣៩​ពិន្ទុ។ ក្រុម​នេះ​ប្រើប្រាស់​កីឡដ្ឋាន Lad Krabang 54 Stadium ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ដែល​មាន​ក្រសួងហិរញ្ញវត្ថុ របស់​ថៃ​ ជា​ម្ចាស់​ជំនួយ​ពី​ក្រោយ​ខ្នង។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​បរទេស​ម្នាក់​នៅ​លីគ​កំពូល​កម្ពុជា ត្រូវ​ប្រទេស​កំណើត​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ

យ៉ាងណាក្តី​ក្លិប​បាល់ទាត់​វិសាខា បាន​បង្ហាញ​រូប​ភាព​សកម្មភាព​ហ្វឹកហាត់​ត្រៀម​​ប្រកួត​ឡើង​វិញ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​ឧសភា នេះ​ក្រោយ​សម្រាក​អស់​មួយ​រយៈ​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយ​ក្នុង​នោះ​ក៏​មាន​រូបភាព​របស់​កីឡាករ ច្រឹង ពលរដ្ឋ ផង​ដែរ៕

Share.