កម្មការិនីររោងចក្រម្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺបានទទួលមរណភាព នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ដោយសារជំងឺកូវីដ១៩។
មន្ទីរពេទ្យខេត្តកំពង់ស្ពឺតាមរយៈលិខិតមរណភាព បានបញ្ជាក់ថា ស្ដ្រីដែលវិជ្ជមានជំងឺកូវីដ១៩ ដោយបានទទួលមរណៈភាពនេះ ឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រភពីអាជ្ញាធរខេត្តកំពង់ស្ពឺថា កម្មការិនីដែលបានទទួលមរណភាពរូបនេះ មានផ្ទៃពោះ៧ខែផងដែរ។
នៅពេលមានអាការៈសង្ស័យដំបូង ស្ត្រីរូបនេះមិនបានមកជួបក្រុមគ្រូពេទ្យ ឬយកសំណាក ពិនិត្យរកជំងឺកូវីដ១៩នោះទេ លុះស្ថានភាពកាន់តែធ្ងន់ធ្ងរទើបក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ដោយមានការសង្ស័យក្រុមគ្រូពេទ្យ បានបញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយពេលកំពុងសង្គ្រោះបានប្រហែល៣០នាទី គាត់ក៏ទទួលមរណភាព។
យ៉ាងណាក៏ដោយរហូតមកដល់រសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល មិនទាន់បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីការបាត់បង់ជីវិតរបស់ស្ត្រីជាកម្មការិនី រូបនេះនៅឡើយ៕
