អ្នកម្ដាយ​ពាក្យ​ពីរ​មាត់​​ដ៏​ខ្លី​នេះ​​ស្ដាប់​ទៅ​ធម្មតា​ ប៉ុន្តែ​ស្ត្រី​ម្នាក់​នេះ​លោក​មាន​ក្ដី​ស្រលាញ់​ ក្ដី​បារម្ភ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូនៗ​គ្រប់​រូប​មុន​ខ្លួន​ឯង​ជា​និច្ច។​ នៅ​ថ្ងៃ​ស្អែក​នេះ​គឺ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ជា​ទិវា​អ្នកម្ដាយ​អន្តរជាតិ​ ​ផ្អែក​តាម​គេហទំព័រ​ ​Buzzfeed ​​ទិវា​អ្នក​ម្ដាយ​ឆ្នាំ​នេះ​ត្រយង​សូម​ណែនាំ​ភាពយន្ត​ចំនួន​៥​រឿង​ដែល​នឹង​នាំ​ឱ្យ​អ្នក​ទស្សនា​រំភើប​រហូត​ស្រក់​ទឹកភ្នែក​​​ហើយ​ក៏​មាន​រឿង​ដែល​នឹង​នាំ​ឱ្យ​អ្នក​​សើច​សប្បាយ​​ផង​ដែរ​។​ សូម​តាម​ដាន​ដូច​ខាង​ក្រោម​នេះ​៖

១. The Blind Side (២០០៩)

យោង​តាម​ Rottentomatoes ភាពយន្ត​នេះ​និយាយ​អំពី Michael Oher (Quinton Aaron) ក្មេង​អនាថា​ស្បែក​ខ្មៅ​ម្នាក់​ដែល​​មិន​បាន​ចូល​សិក្សា​ជា​ច្រើន​ឆ្នាំ​។​ The Leigh Anne Tuohy (Sandra Bullock) និង​ស្វាមី​ Sean (Tim McGraw) បាន​រស់​គេ​ទៅ​នៅ​ជាមួយ​ហើយ​បន្ទាប់​មក​អ្នក​ទាំងពីរ​បាន​ក្លាយ​ជា​អាណាព្យាបាល​ស្រប​ច្បាប់​របស់​ Michael ដែល​នាំ​ឱ្យ​ជីវិត​របស់​អ្នក​ទាំង​បី​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង។​ ជាមួយ​នឹង​រូបរាង​ធំ​ដូច​យក្ស​និង​​ប្រតិកម្ម​រហ័ស​លើ​ការ​ការពារ​ខ្លួន​របស់​គេ​ធ្វើ​ឱ្យ​គេ​មាន​រឿង​ជា​ប្រចាំ​ ប៉ុន្តែ​ជាមួយ​នឹង​ការ​ជួយ​ពី​គ្រួសារ​ថ្មី​និង​គ្រូ​បង្វឹក​ធ្វើ​ឱ្យ​ Michael ចាប់​ផ្ដើម​រក​ឃើញ​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ឯង​ឃើញ​ទីបំផុត​គេ​បាន​ខ្លាច​ជា​កីឡាករ​បាល់​ឱប​ដ៏​ល្បីល្បាញ​របស់​អាមេរិក។ ប្រយោគ​ដែល​ទាក់ទាញ​ទឹក​ភ្នែក​ក្នុង​រឿង​នេះ​គឺនៅ​ពេល​ដែល​កូន​ចិញ្ចឹម​ Michael ត្រូវ​បាន​គេ​រើស​អើង​ហើយ​ Leigh ពោល​ប្រយោគ​បែប​នេះ​ថា​៖​​ «បើ​អ្នក​ឯង​គំរាមកំហែងកូន​ខ្ញុំ​ ដូច​ជា​អ្នក​ឯង​គំរាមកំហែង​ខ្ញុំ​ដែរ​»

២. Bad Moms (២០១៦)

យោង​តាម​ Filmjabber រឿង​ Bad Moms និយាយ​អំពី​ Amy (Mila Kunis) ស្ត្រី​ម្នាក់​ដែល​មាន​ជីវិត​អស្ចារ្យ​ នាង​ជា​​ស្រី​ស្អាត​ ​​មាន​ស្វាមី​ដ៏​ល្អ​មាន​កូន​ស្ដាប់​បង្គាប់​មាន​ផ្ទះ​ស្អាត​ និង​មាន​ការ​ងារ​មួយ​ដ៏​រឹងមាំ​។ ប៉ុន្តែ​ដោយ​សារ​តែ​សម្ពាធ​ការងារ​ នាង​ប្រឹងប្រែង​ពេក​រហូត​ធ្វើ​ឱ្យ​នាង​ហត់​ខ្លាំង​រហូត​ដល់​ចំណុច​មួយ​ដែល​ចង់​សំរាក។​ ទីបំផុត​នាង​បាន​ចូលរួម​ជាមួយ​អ្នក​ម្ដាយ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​មាន​សម្ពាធ​ដូច​គ្នា​។ អ្នក​ម្ដាយ​ទាំង​បី​នាក់​ចាប់​ផ្ដើម​គេច​ពី​ទំនួល​ខុស​ត្រូវ​ហើយ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​មាន​សេរីភាព​។​ ភាពយន្ត​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កំប្លែង​ ​សើច​ ​សប្បាយ​ពី​ដើម​ដល់​ចប់​​។

៣. Freaky Friday (២០១៣)

យោង​តាម​គេហទំព័រ​ Disney ភាពយន្ត​នេះ​និយាយ​អំពី​ម្ដាយ​​ (Jamie Lee Curtis) ​និង​កូន​ស្រី (Lindsay Lohan) ពីរ​នាក់​ដែល​មិន​ចុះ​សម្រុង​នឹង​គ្នា​។ ​នៅ​ថ្ងៃ​សុក្រ​ដ៏​ចម្លែក​មួយ​មាន​អព្ភូតហេតុ​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ប្ដូរ​វិញ្ញាណ​គ្នា​ទៅវិញ​ទៅមក​។​ការ​​ផ្លាស់​ប្ដូរ​វិញ្ញាណ​លើក​នេះ​បាន​ធ្វើ​ឱ្យ​ទាំងពីរ​ម្ដាយ​និង​កូន​ បាន​ដឹង​ពី​បញ្ហា​ដែល​កូន​និង​ម្ដាយ​បាន​ជួប​ប្រទះ​ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​បាន​ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅ​មក​រហូត​ក្លាយ​ជា​ការ​យល់​ចិត្ត​ថ្លើម​គ្នា​នៅ​ទីបំផុត​។​​

៤. Because I Said So (២០០៧)

យោង​តាម​ Amazon ភាព​យន្ត​ Because I Said So និយាយ​ពី​ម្ដាយ​ដែល​ជា​ស្ត្រី​ម៉េម៉ាយ​មួយ​រូប​មាន​កូន​ស្រី​បី​នាក់​នៅ​ក្នុង​បន្ទុក​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ស្វែង​រក​បុរស​ល្អ​បី​រូប​ដែល​មាន​បុគ្គលិក​លក្ខណៈ​ចុះ​សម្រុង​នឹង​អត្តចរិត​​កូន​ស្រី​នីមួយ​របស់​ខ្លួន​ ដើម្បី​​មក​រៀបការ​ធ្វើ​ជា​កូន​ប្រសារ​ខ្លួន​ ធ្វើ​បែបនេះ​ព្រោះ​គាត់​សង្ឃឹម​ថា​កូន​ស្រី​នឹង​មាន​ជីវិត​គូ​ដែល​ល្អ​ប្រសើរ​មិន​ដូច​ជា​គាត់​។​​

៥. Cheaper by the Dozen (២០០៣)

យោង​តាម​ ​IMDb​ ​រឿង​នេះ​និយាយ​ពី​គ្រួសារ​ Bakers ដែល​មាន​សមាជិក​រហូត​ដល់​១៤​នាក់​បាន​ផ្លាស់​ប្ដូរ​ពី​រស់​នៅ​ក្នុង​ទីក្រុង​តូច​ Illonois ទៅ​រស់​នៅ​ទីក្រុង​ធំ​ក្រោយ​ពេល​ដែល​ Tom Baker បាន​សម្រេច​ក្ដី​សុបិន​បាន​ការងារ​ធ្វើ​ជា​គ្រូ​បង្វឹក​បាត់​ទាត់​​នៅ​សកល​វិទ្យាល័យ​។ ចំណែក​ភរិយា​របស់​គាត់​ក៏​សម្រេច​ក្ដី​សុបិន​បាន​បោះ​ពុម្ព​សៀវភៅ​ដំបូង​ដូច​គ្នា​។ ​ខណៈ​ដែល​ភរិយា​លោក​ត្រូវ​ចេញ​ទៅ​ឆ្ងាយ​ដើម្បី​ឃោសនា​និង​ផ្សព្វផ្សាយ​ពី​សៀវភៅ​​សៀវភៅ​របស់​គាត់​ Tom ​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​រៀបរយ​សមាជិក​ក្នុង​គ្រួសារ​និង​ដឹកនាំ​ក្រុម​បាល់ទាត់​របស់​គាត់​ដែល​ធ្វើ​ឱ្យ​គ្រួសារ​ដែល​ធ្លាប់​មាន​តែ​សំណើច​និង​ភាព​រីករាយ​ចាប់​ផ្ដើម​បែកខ្ញែក​គ្នា​។​រឿង​នេះ​ផ្ដល់​នូវ​សារ​អប់រំ​មួយ​គឺ​យើង​មិន​អាច​ជ្រើសរើស​ធ្វើ​ការ​បាន​គ្រប់​មុខ​នោះ​ទេ​តែ​យើង​អាច​រើស​យក​ការងារ​ដែល​យើង​ស្រលាញ់​។​​

Share.