តារា​សម្ដែង​សញ្ជាតិ​អូស្ត្រាលី​លោក Hugh Jackman បាន​ប្រកាស​ថា​ខ្លួន​មាន​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​អាការៈ​ស្រាល​ ដោយ​ធ្វើ​ទុក្ខ​ត្រឹម​តែ​ក្ដោ​ខ្លួន​ផ្ដាសាយ​ប៉ុណ្ណោះ​។

នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០២១ នេះ​ លោក Hugh Jackman បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​លោក​ ផុសក្នុង​ផេក​ផ្ទាល់​ខ្លួន​ថា​ «ខ្ញុំ​បាន​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន ចំណែក​អាការៈ​ពេល​នេះ​គឺ​ផ្ដាសាយ​។ ខ្ញុំ​ឈឺក​​និង​ហៀរសំបោ​ ប៉ុន្តែ​ជា​រួម​គឺ​មិន​អី​នោះ​ទេ​»។ នៅ​ក្នុង​វីដេអូ​នោះ​លោក​បាន​ជូនពរ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​មាន​សុខ​សុវត្ថិភាព​និង​មាន​សុភមង្គល​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ដែល​នឹង​ជិត​មក​ដល់​នេះ​។

តារា​សម្ដែង​ល្បី​និយាយ​ថា​លោក​ត្រូវ​សំរាក​មួយ​រយៈ​ ទើប​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​ ដូច្នេះ​លោក​ត្រូវ​ព្យួរ​ការ​សម្ដែង​សិន។ កាល​ពី​សប្ដាហ៍​មុន​ Sutton Foster ដែល​ជា​សម្ដែង​ជាមួយ​គ្នា​បាន​ធ្វើ​តេស្ដ​ហើយ​ក៏​រក​ឃើញ​ថា​មាន​កើត​ជំងឺកូវីដ​-១៩​ ដូច​គ្នា។

Hugh Jackman កើ​ត​នៅ​ឆ្នាំ​១៩៦៨ ក្នុង​ប្រទេស​អូស្ត្រាលី លោក​ល្បីល្បាញតាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ចចក​ក្នុង​ភាពយន្ត​ជា​ស៊េរី​ X-Men និង​​អាជីព​​ជា​តារា​ចម្រៀង​។ លោក​បាន​រៀបការ​តារា​​សម្ដែង​ Furness ដែល​មាន​អាយុ​បង​លោក​រហូត​ដល់​ទៅ ​១៣​ឆ្នាំ​ ដោយ​អ្នក​ទាំង​ពីរ​រៀប​ការ​នៅឆ្នាំ​១៩៩៦ នៅ​ក្នុង​ប្រទេស​កំណើត​​អូស្ត្រាលី។​ ថ្វី​ត្បិត​តែ​រៀបការ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី​ប៉ុន្តែ​លោក​ Jackman នៅ​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​របស់​លោក​ចំពោះ​ឧត្តម​ភរិយា​ជានិច្ច​៕

Telegram-Troryorng
Share.