ទោះជាមិនមែនជាទំនៀមទម្លាប់របស់អាស៊ីនិយាយជារួមនិងដោយឡែកសម្រាប់កម្ពុជាក្តី ក៏ទិវារំឭកគុណម្តាយឬហៅជាភាសាអង់គ្លេសថា Mother’s Dayមួយរយៈចុងក្រោយនេះហាក់ដូចជាកាន់តែទទួលបាននូវការចាប់អារម្មណ៍ពីមហាជននៅក្នុងសង្គមកម្ពុជាជាពិសេស ក្នុងចំណោមយុវវ័យ។
ទំនៀមទម្លាប់មួយនេះ ក៏ហាក់ទទួលបានគាំទ្រផងដែរពីសំណាក់មនុស្សមានវ័យចំណាស់ នៅក្នុងសង្គមកម្ពុជា។គាំទ្រគឺដោយសារតែលោកយល់ថា Mother’s Day បានចូលរួមចំណែក រំលឹកឲ្យយុវវ័យសម័យទំនើបនេះ រលឹកនឹកឃើញនិងចេះតបស្នងសងគុណដល់អ្នកមានគុណ របស់ពួកគេទាំងអ្នកម្តាយក៏ដូចជាលោកឪពុកក៏ដូចជាអាណាព្យាបាលរបស់ពួកគេផងដែរ។
តើ Mother’s Day បានចាប់កំណើតយ៉ាងដូចម្តេច?
មានដើមកំណើតចេញពីទឹកដីនៃសហរដ្ឋអាមេរិក ទិវានេះត្រូវបានចាប់កំណើតតាំងពីអំឡុងឆ្នាំ1908មកម៉្លេះដោយត្រូវបានកំណត់ធ្វើនៅថ្ងៃអាទិត្យ សប្តាហ៍ទីពីរនៃខែឧសភា។សម្រាប់ ឆ្នាំ២០២១នេះ Mother’s Day ត្រូវចំថ្ងៃទី០៩ខែឧសភានេះ។
សព្វថ្ងៃនេះមានប្រទេសមិនក្រោម៥០ឡើយដែលមានប្រជាជនប្រារព្ធទិវារំលឹកគុណម្តាយ–Mother’s Day ។ចាប់ពីអាមេរិករហូតដល់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបរួមមាន៖ Australia, Denmark, Finland, Italy, Switzerland, Turkey, Belgium ជាដើមទិវានេះគេប្រារព្ធធ្វើ នៅសប្តាហ៍ទី២នៃខែឧសភា។ដោយឡែកនៅប្រទេសមិចស៊ីកូនិងអាមេរិកឡាទីនពិធីនេះត្រូវបាន កំណត់យកនៅរៀងរាល់ថ្ងៃទី១០ខែឧសភារៀងរាល់ឆ្នាំ។
មានការលើកឡើងថា ថ្ងៃរំលឹកគុណម្តាយនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយជនជាតិ អាមេរិកាំងមួយរូបតាំងពីឆ្នាំ ១៨៧៧ មកម្លេះដោយចាប់ផ្តើមរៀបចំទិវានេះនៅរដ្ឋBoston របស់ សហរដ្ឋអាមេរិក។
រហូតដល់ឆ្នាំ១៩០៧ Mother’s Day មានចលនាជំរុញឲ្យមានការបង្កើត Mother’s Dayទៅជា ទិវាថ្នាក់ជាតិដើម្បីរំលឹកដល់អ្នកម្តាយគ្រប់រូបទាំងអ្នកនៅរស់រានមានជិវិតនិងអ្នកដែលបាន លាចាកលោកទៅផងដែរ។
ទោះជាទិវានេះ មិនមែនជាពិធីដែលត្រូវតែរៀបចំធំដុំដូចពិធីមួយចំនួន ដូចជា បុណ្យណូអែល បុណ្យ Thank Giving ឬបុណ្យ Ester ក៏ដោយ ក៏នៅថ្ងៃ Mother’s Day នេះត្រូវគេចាត់ទុកថា ជាពេលដ៏ល្អបំផុតសម្រាប់បុត្រធីតាគ្រប់រូបក្នុងការសម្តែងនូវទឹកចិត្តគោរពស្រឡាញ់ចំពោះអ្នកម្តាយដែលជាអ្នកមានគុណរបស់ពួកគេ។

តើនៅថ្ងៃ Mother’s Day គេធ្វើអ្វីខ្លះ?
នៅតាមបណ្តាប្រទេសដែលប្រជាជាននិយមប្រារព្ធធ្វើពិធីនេះយ៉ាងពេញលេញជាពិសេស នៅបណ្តាប្រទេសលោកខាងលិច នៅថ្ងៃទិវាគុណម្តាយនេះ គេតែងរៀបចំកម្មវិធីជួបជុំសមាជិកគ្រួសារ ទទួលទានអាហារជាមួយអ្នកម្តាយ បង្កើតនូវភាពភ្ញាក់ផ្អើលដ៏រីករាយជូនអ្នកម្តាយរបស់ខ្លួន និងជាពិសេសគឺមានរៀបចំនូវកាដូ ដើម្បីជាអំណោយសម្រាប់អ្នកម្តាយរបស់ពួកគេជាដើម។
ចុះនៅក្នុងប្រទេសកម្ពុជាវិញ?
ទោះជាមិនទាន់មានលក្ខណៈទូលំទូលាយក្តី ក៏ទិវាមួយនេះហាក់បាននិងកំពុងតែទទួលនូវ ការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋកម្ពុជាជាពិសេសយុវជនជំនាន់ក្រោយដែលនិយមចាប់ យកនូវអ្វីដែលថ្មីៗ។ប៉ុន្មានឆ្នាំចុងក្រោយនេះក្រៅពីមានររៀបរាប់រំលឹកគុណ ឬបង្ហាញមនោសញ្ចេតនាចំពោះអ្នកមានគុណ ជាពិសេសអ្នកម្តាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក ក៏មានដែរការរៀបចំពិធីជួបជុំ ជាលក្ខណៈគ្រួសារទទួលទានអាហារជុំគ្នាឬក៏ធ្វើដំណើរកម្សាន្តជុំគ្នាជាដើម។
ជារួមមកវិញ ទិវានេះទោះជាមិនមែនជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរក្តី ប៉ុន្តែវាហាក់ដូចជា មិនសូវខុសឆ្ងាយខ្លាំងពីផ្នត់គំនិតរបស់ប្រជាជនខ្មែរជាពិសេសពុទ្ធសាសនិកគ្រប់រូបដែល ត្រូវបានអប់រំមកឲ្យចេះរលឹកនឹកគុណ ដឹងគុណនិងតបស្នងសងគុណចំពោះមាតា បិតាក៏ដូចជា អាណាព្យាបាល រួមទាំងគ្រូបារអាចារ្យជាដើម៕