ឆ្នាំ២០២១ ត្រូវបានគេចាត់ទុកថាជាឆ្នាំឆុង ព្រោះថា មានរឿងរ៉ាវមិនល្អជាច្រើនបានកើតឡើងក្នុងជីវិតប្រចាំថ្ងៃ និងផ្ទុះនៅលើបណ្ដាញសង្គម។ ម្យាងទៀត ឆ្នាំ២០២១នេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាឆ្នាំនាំមកនូវវិបត្តិសេដ្ឋកិច្ច ការប្រកបរបរ រកស៊ីមិនមានការរីកចម្រើន ជួបតែវិបត្តិហិរញ្ញវត្ថុ មានតែការឈឺថ្កាត់ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្នុងចង្កោមសិល្បៈវិញ ក៏កើតមានកើតរឿងរ៉ាវតារាៗជំពាក់លុយ ប្រកាសក្ស័យធុន តារាត្រូវគេបោកលុយ និងតារាប្រកាសបែកផ្លូវគ្នាជាដើម។

លោក សុខ ចាន់ផល អ្នកនិពន្ធល្បីឈ្មោះ

យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានត្រយងទើបតែទទួលបានដំណឹងថា អ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល ក៏ជួបគ្រោះស៊យក្នុងចុងឆ្នាំ២០២១នេះដែរ។ លោកជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបាក់ដៃ គ្រោះអាក្រក់នេះបានធ្វើឱ្យហ្វេនអ្នកគាំទ្រលោកមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ លោក សុខ ចាន់ផល បានបង្ហោះសារនៅហ្វេសប៊ុករបស់លោកថា «កាដូចុងឆ្នាំ ២០២១ ក្រោយពីជួបគ្រោះលើកនេះ ខ្ញុំក៏ទទួលបាននូវអំណោយមួយចំនួនពីធម្មជាតិ។ គ្រោះធំមួយ ជួយឱ្យយើងរួចពីគ្រោះអូសបន្លាយជាយូរខែឆ្នាំ និងជាការឈានដល់របត់ជីវិតថ្មី។ គ្មានអ្វីអាក្រក់នោះទេ នៅលើដំណើរជីវិតនេះ។ បន្ទាប់ពីជួបគ្រោះ ខ្ញុំក៏ចេះស្រលាញ់សុខភាពខ្លួនឯងខ្លាំងជាមុន ចេះដឹងគុណរាងកាយ ចេះចំណាយពេលវេលាជាមួយនឹងភាពស្ងប់ស្ងាត់ រួចខ្ញុំក៏អាចយល់បានពីសុខទុក្ខ និងអារម្មណ៍របស់អ្នកដទៃ ស្គាល់នូវខ្លឹមសារនៃក្ដីស្រលាញ់ ព្រមទាំងរៀនចេះដោះលែង..»។

បើតាមការ Comment បញ្ជាក់បន្ថែមនបានឱ្យដឹងថា គ្រោះធំដែលលោក សុខ ចាន់ផល បានជួបគឺ លោកដួលម៉ូតូ ហើយបាក់ដៃ ប៉ុន្តែមកទល់ថ្ងៃទី៣១ ខែធ្នូនេះ របួសដៃរបស់លោកជិតជាវិញហើយ។ លោកក៏អរគុណចំពោះអ្នកគាំទ្រ ដែលបានបារម្ភពីសុខទុក្ខរបស់លោក លោកថា «ឆ្នាំថ្មី ២០២២ សូមឱ្យប្រិយមិត្តទាំងអស់ទទួលបាននូវសម្រស់របស់ពេលវេលា ផ្ដល់ក្ដីស្រលាញ់យកចិត្តទុកដាក់គ្នា រួចកាន់តែចេះស្រលាញ់ខ្លួនឯង។ របួសមួយនេះបានក្លាយជាស្លាកស្នាមដ៏ស្រស់ស្អាតទៅហើយ ហើយវាថែមទាំងបង្រៀនខ្ញុំឱ្យដឹងអំពីទឹកចិត្តអ្នកចម្បាំងដ៏ពិតប្រាកដ។ កន្លងមកខ្ញុំច្បាំងនឹងជីវិតរហូត ប៉ុន្តែខ្ញុំគ្មានទឹកចិត្តជាអ្នកចម្បាំងនោះទេ ទើបតែពេលនេះ ពេលដែលខ្ញុំសម្រាក និងមើលអ្នកដទៃច្បាំង ទើបខ្ញុំបានដឹងថា ខ្ញុំលែងខ្លាចជីវិតទៀតហើយ។»៕

Telegram-Troryorng
Share.