បាត់ដំបង៖ ភ្ញៀវទេសចរណ៍ក្នុងស្រុកសម្រុកកក់តង់សម្រាកឆ្លងឆ្នាំសកល តាមគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង ផ្លាស់ប្តូររសជាតិជីវិត។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១នេះថា÷ ក្នុងឱកាសរាត្រីឆ្លងឆ្នាំសកលឆ្នាំ ២០២១ – ២០២២ នៅថ្ងៃ ទី ៣១ ខែធ្នូ ឆ្នាំ២០២១ ឈានចូលថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ នេះនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំតូចមួយចំនួនក្នុងខេត្ត ត្រូវបានភ្ញៀវក្នុងស្រុកកក់តង់ដើម្បីសម្រាកឆ្លងរាត្រីជាច្រើនហូរហែចាប់តាំងពីពីរសប្តាហ៍មុនមក។

រមណីយដ្ឋានទេសចរណ៍ ជាគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបង មានចំនួន ២៣ រួមមាន: រមណីយដ្ឋាន ប្រាសាទបាណន់ រមណីយដ្ឋាន ភ្នំសំពៅ ប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្ថែមថា÷ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ ទាំងចំនួន ២៣កន្លែងខាងលើមានរមណីយដ្ឋាន ចំនួន ៦កន្លែងទទួលភ្ញៀវសម្រាកកម្សាន្តបោះតង់ឆ្លងរាត្រីមានដូចជា រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋាន ចំការធុរេនអូរតង រមណីយដ្ឋាន ខេមសាយ សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ ព្រែកទាល់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ដែរថា÷ ភ្ញៀវទេសចរណ៍ចាប់ផ្តើមជ្រើសរើសចូលលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នេះដោយសារជំងឺកូវីដ- ១៩ មានសភាពស្ងប់ស្ងាត់ និងម៉្យាងទៀតបានជាឳកាសផ្លាស់ប្តូរបរិយាកាស នែបនិត្យជាមួយតំបន់ជួរព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ គយគន់សត្វមេអំបៅហោះហើរ ប៉ុន្តែទោះបីជាបែបនេះ លោកក៏ទទួចសំណូមពរដល់គ្រប់អ្នកទេសចរណ៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ការពារ ៣កុំ ៣ការពារឲ្យបានល្អដើម្បីសុវត្ថិភាព និងក្តីសុខសាន្ត៕

អត្ថបទ៖ ដំបងក្រញូង

Share.