ករណីនាំគ្រឿងញៀនចូលក្នុងពន្ធនាគារខេត្តប៉ៃលិន ពេលនេះ នគរបាលជំនាញបានវែកមុខ មន្ត្រីអនុរក្សម្នាក់នាំខ្លួនទៅសាកសួរ។

នគរបាលស្នងការខេត្តប៉ៃលិនបានបង្ហើបឱ្យដឹងថា÷ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១កន្លង មកនេះមន្រ្តីអនុរក្សពន្ធនាគារម្នាក់ជាអ្នកយាមទ្វារបានឆែកឆេរលើខ្លួនទណ្ឌិតម្នាក់ឈ្មោះ សំរោង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ កំពុងជាប់ក្នុងពន្ធនាគារខេត្ត បានរកឃើញមាន ថង់រុំស្កុតពណ៌ខ្មៅមួយកញ្ចប់សង្ស័យសារធាតុញៀននៅជាប់នឹងខ្លួនបុរសទណ្ឌិតរូបនេះ។ ទណ្ឌិតរូបនេះ បានលួចលាក់នាំយកចូលក្នុងរបងសុវត្ថិភាពរបស់ពន្ធនាគារខេត្ត ក៏បង្កភ្ញាក់ផ្អើលឡើងហូតដល់កម្លាំងជំនាញចុះនាំខ្លួនទណ្ឌិតខាងលើមកសាកសួរ។ ចុងក្រោយក៏បែកធ្លាយការពិតបញ្ជាក់ថា សារធាតុញៀនម៉ាទឹកកក ក្នុងកញ្ចប់ខ្មៅនេះ មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីអនុរក្សពន្ធនាគារម្នាក់ទៀតឈ្មោះងឿ ចិត្ត ភេទប្រុស អាយុ ២៨ឆ្នាំបានប្រគល់ឲ្យរូបគេដើម្បីយកចូលទៅក្នុងរបងសុវត្ថិភាពក្នុងពន្ធនាគារបម្រុងប្រើប្រាស់ចែកចាយ។

ប្រភពដដែលបន្តថា ក្រោយការសាកសួរ និងដឹងការពិតរួចមក នគរបាល បានចុះ នាំខ្លួនមន្ត្រីអនុរក្សម្នាក់ទៀតមកសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀន។

ក្រោយការឃាត់ខ្លួនកម្លាំងនគរបាលបានរកឃើញនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឹកកក ០១កញ្ចប់ ទម្ងន់ ៦៧,៣៥ក្រាមថ្នាំសុទ្ធបន្ថែមទៀត៕

អត្ថបទ៖ភ្នាក់ងារខេត្តបាត់ដំបង

Share.