
ខ្សែប្រយុទ្ធប្រេស៊ីល Neymar da Silva Santos Júnior ដែលអ្នកគាំទ្រស្គាល់ថាជា Neymar បានបន្តកិច្ចសន្យាជាមួយក្លិបបាល់ទាត់ Paris Saint-Germain (PSG) នៅលីគប្រទេសបារាំងរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រោយចូលរួមដំបូងកាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ២០០លានផោន ឬ ជាង២៩៧លានដុល្លារ នៅគ្រានោះ។
កិច្ចសន្យាថ្មីរបស់កីឡាករវ័យ២៩ឆ្នាំខាងលើ បានព្រមព្រៀងគ្នានៅយប់ថ្ងៃសៅរ៍ សប្ដាហ៍នេះ ខណៈ៥ឆ្នាំកន្លងមក រូបគេទាត់បាល់បញ្ជូលទីឱ្យ PSG បាន៨៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីបាន៥១លើក ក្នុងចំណោម១១២ ប្រកួតមកនេះ។
បើតាមសារព័ត៌មាន Eurosport បញ្ជាក់ថាក្រោយ Neymar កាន់ប៊ិចបន្តកិច្ចសន្យាជាមួយ PSG លើកទី២នេះ រូបគេនឹងទទួលបានប្រាក់ជាង២៦លានផោន ឬ ជាង៣៦លានដុល្លារអាមេរិក ក្នុង១រដូវកាល ខណៈ Neymar នឹងបានប្រាក់ពលកម្មប្រមាណ ៥០ម៉ឺនផោន ឬ ជិត៧០ម៉ឺនដុល្លារអាមេរិក ឬជាង២,៨២១ លានរៀល ក្នុង១សប្ដាហ៍រហូតដល់ផុតកុងត្រានៅឆ្នាំ២០២៥ ខាងមុខ។

វិបសាយផ្លូវការរបស់ក្លិប PSG បានបង្ហោះឃ្លិបវីដេអូ ខ្លីសម្ភាសន៍ផ្ទាល់ជាមួយកីឡាករសមាជិកជម្រើសជាតិប្រេស៊ីល រូបនេះថា៖«ខ្ញុំពិតជាមានកិត្តយសណាស់ដែលបានបន្តកិច្ចសន្យាជាមួយក្លិប PSG។ មោទនភាពនិងជាផ្នែកមួយនៅក្នុងក្រុមដើម្បីធ្វើការរួមគ្នាជាមួយមិត្តរួមក្រុមផ្សេងៗ គ្រូបង្វឹកដ៏ល្អ និងជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លិប។ ទាំងជារឿងដែលធ្វើឱ្យខ្ញុំជឿជាក់ទៅលើផែនការដ៏អស្ចារ្យក្នុងក្លិប។ ខ្ញុំបានរីកលូតលាស់នៅទីនេះ ក្នុងនាមជាកីឡាករ ដូច្នេះខ្ញុំរីករាយក្នុងការបន្តកិច្ចសន្យាថ្មី និងសង្ឃឹមថានឹងឈ្នះពាន ជាច្រើនជាមួយគ្នា»។

ក្រោយទៅដល់ Paris Saint-Germain កីឡាករ Neymar ធ្លាប់បានឈ្នះពានជាច្រើនជាមួយក្លិបដែលមានថៅកែជាជនជាតិកាតារ ដូចជា៖
១) ជើងឯកពានលីគកំពូលប្រទេសបារាំងLigue 1 ចំនួន៣លើក
២) ជើងឯកពាន Coupe de France ចំនួន២ លើក
៣) ជើងឯកពាន Coupe de la Ligue ចំនួន២លើក
៤) ជើងឯកពាន Trophée des Champions ចំនួន២លើក
៥) ជើងឯករងពានទ្វីបអឺរ៉ុប UEFA Champions League ចំនួន១លើក
