បងប្អូនជនជាតិវៀតណាម ២នាក់ មានសមត្ថភាពពិសេសដោយដាក់ក្បាលទល់នឹងក្បាលដើរបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស។

បុរសទាំង២នាក់នេះ គឺជាកីឡាករកាយសម្ព័ន្ធ បានត្រលប់មកបំបែកកំណត់ត្រាហ្គីនណេសវិញម្ដងទៀត ដោយពួកគេបានយកក្បាលទល់នឹងក្បាលដើរឡើងកាំជណ្ដើរ ១០០កាំ ប្រើរយៈពេល ៥៣វិនាទី នៅខាងក្រោយព្រះវិហារមួយកន្លែងក្នុងប្រទេសអេស្ប៉ាញ។

ពួកគេបានដើរឡើងកាំជណ្ដើរ ដោយទប់លំនឹងបានយ៉ាងល្អបំផុត ដោយម្នាក់ជាអ្នកដើរនៅពីក្រោម ម្នាក់ទៀតទល់ក្បាលលើកជើងឡើងលើ។ ពួកគេទាំង២នាក់ធ្លាប់ទទួលបានកំណត់ត្រាពិភពលោកក្បាលទល់ក្បាលកាលពីឆ្នាំ ២០១៦ ម្ដងរួចមកហើយ កាលនោះពួកគេបានប្រើក្បាលទល់ក្បាលឡើងកាំជណ្ដើរបានតែ ៩០កាំ តែប៉ុណ្ណោះ។

ក្រោយមកឆ្នាំ ២០១៨ មានកីឡាករកាយសម្ព័ន្ធសញ្ជាតិបេរ៉ូ ២នាក់ បានបំបែកកំណត់ត្រាក្បាលទល់នឹងក្បាល របស់កីឡាករកាយសម្ព័ន្ធជនជាតិវៀតណាមនេះ លើស ១កាំ គឺ ពួកគេឡើងកាំជណ្ដើរបាន ៩១កាំ ហើយទើបតែឆ្នាំ២០២១នេះ ម្ចាស់កំណត់ត្រាចាស់មកបំបែកកំណត់ត្រាសារជាថ្មី លើសកំណត់ត្រាចាស់ៗទៅទៀត៕

ប្រភព៖ UPI

Telegram-Troryorng
Share.