មិនត្រូវយកលុយភាស៊ីលើស និងការគ្រប់គ្រងសណ្ដាប់ធ្នាប់ឲ្យបានល្អ ។ នេះជាការលើកឡើងពីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង។ 

លោក ទេព វិស្កុល បានប្រាប់សារព័ត៌មានត្រយងតាមរយៈ Telegram ថា លោកបានកោះហៅលោក ម៉ក់ ណុច ប្រធានផ្សារដងទង់ និងអភិបាលរងក្រុងខេមភូមិន្ទ បើកកិច្ចប្រជុំជាបន្ទាន់មួយរួមគ្នាកាលពីថ្ងៃទី៦ ឧសភា ថ្មីៗនេះ ដើម្បីសួរហេតុផលព័ត៌មានពីអាជីករត្អូញត្អែររឿងខុសប្រក្រតីជាច្រើនដែលកើតមានឡើងជាច្រើនទាក់ទិងនឹងបញ្ហាផ្សារមួយ។

ក្រោយដឹងហេតុផល លោក ទេព វិស្កុល បានដាក់កំហិតជាថ្មីដល់ប្រធានផ្សារដងទង់ចាំបាច់អនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវការយកលុយភាស៊ីកន្លែងលក់ដូរ ម៉ូតូ និងរថយន្តលើសកំណត់របស់រដ្ឋជាថ្នូរនឹងការឱ្យអាជីវករដាក់តាំងលក់ទំនិញលើសាធារណៈបែបអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ។ លោកយល់ថា ទង្វើបែបនេះរបស់ប្រធានផ្សារដងទង់ បង្កឱ្យមានភាពច្រណែនគ្នារឿងផលប្រយោជន៍ពុំតម្លាភាពរវាងអាជីវករ និងអាជីវករក្នុងផ្សារ ក៏ដូចជាក្រៅផ្សារ។

ដើម្បីធានាបានប្រសិទ្ធិភាព ជៀសជាងលេចឮនូវព័ត៌មានបាតុភាពស្មុគស្មាញបន្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច ប្រាប់ឱ្យលោក ម៉ក់ ណុច និងបុគ្គលិក ត្រូវអនុវត្តចាប់ពីថ្ងៃច័ន្ទ ទី១០ ខែឧសភា តទៅ ករណីមិនអនុវត្តតាមនោះទេ ឬគ្មានប្រសិទ្ធភាពតបទេ នឹងដាក់អាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពវិនិយោគក្នុងផ្សារតែម្តង។ 

លោកស្នើសុំឱ្យប្រធានផ្សារដងទង់ សហការជាមួយអាជ្ញាធរក្រុងសង្កាត់យ៉ាងដិតដល់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់តំបន់ផ្សារឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង ប៉ុន្តែក៏មិនខ្វះបានការចូលរួមពីប្រជាពលឬអាជីវករ។ មិនត្រឹមតែការមិនឱ្យយកភាស៊ីលើសកំណត់ទេ ការងារស្តារលូ ដាក់កង្ហារបឺតខ្យល់កខ្វក់ចេញ គូសគំនូសចតរថយន្តម៉ូតូ កំណត់ម៉ោងផ្ទេរលើកដាក់ទំនិញ ជាដើម។

គួរជម្រាបថា លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ទទួលបានសិទ្ធិវិនិយោគគ្រប់គ្រងផ្សារដងទង់តាំងពីឆ្នាំ២០១១ ដែលមានរយៈពេលរហូតដល់១៥ឆ្នាំ មុនអាណិត្តលោក ទេព វិស្កុល ឡើងកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចទៅទៀត។ បញ្ហានេះ ត្រូវមហាជនដាក់សំណួរហេតុអីបានជារដ្ឋបាល និងមន្ទីរសេដ្ឋកិច្ចផ្តល់សុពលភាពអាជ្ញាប័ណ្ណវិស័យឯកជនច្រើនឆ្នាំ គ្រាសកម្មភាពអភិវឌ្ឍន៍តិចតួចបំផុត រីឯបញ្ហាដែលកើតក្នុងផ្សារនេះមិនចេះចប់៕

អត្ថបទ៖ សិទ្ធី
កែសម្រួល៖ ប៊ុណ្ណា

Share.