អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសកាលពីថ្ងៃទី០៣ មករា ថា ក្រោយពីការស៊ើបអង្កេត និងប្រមូលភស្ដុតាងរួចមក មនុស្ស០៩នាក់ បានបំពានច្បាប់ក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយផ្អែកអង្គហេតុ និងអង្គច្បាប់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ បុគ្គលទាំង០៩នាក់ រួមទាំងបក្ខពួកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» តាមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រហមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីធ្វើកូដកម្ម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស០៩នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រំលងមួយថ្ងៃនៃការឃាត់ខ្លួន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺមួយដែរថា ការចាប់ខ្លួនមនុស្សទាំង០៩នាក់នេះ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ការធ្វើបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

អស់រយៈពេល០២ថ្ងៃ បន្ទាប់ពីការចាប់ខ្លួនមនុស្សទាំង០៩នាក់ សំណុំរឿងបានដល់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសុំណុំរឿង ដែលមានជនសង្ស័យចំនួន០៩នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖

១. ឈឹម ស៊ីថរ ភេទស្រី
២. រីសុវណ្ណឌី ភេទស្រី
៣. សុន ស្រីពេជ្រ ភេទស្រី
៤. ហៃ សុភាព ភេទស្រី
៥. ឃ្លាំង សុបិន្ដ ភេទស្រី
៦. ទូច សិរីមាស ភេទស្រី
៧. ឈឹម សុខន ភេទស្រី
៨. សុខ ណារិទ្ធ ភេទស្រី
៩. សុខ​ គង្គា ភេទស្រី

ប្រសិនបើដំណាក់កាលស៊ើបសួរ ហើយឈានទៅអយ្យកាសាលាដំបូងសម្រេចចោទប្រកាន់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» តាមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រហមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជានោះ ក្រុមអ្នកតវ៉ាប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី ៦ខែដល់៣ឆ្នាំ និងការពិន័យជាប្រាក់ផងដែរ។

មាត្រា​៤៩៤ ចែង​ថា ការ​ប្រព្រឹត្ត​អំពើ​ញុះញង់​ធ្វើ​ឡើង​ដោយ​សំដី​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ប្រកាស​នៅ​ក្នុង​ទី​កន្លែង​សាធារណៈ ឬ​នៅ​ក្នុង​ពេល​ប្រជុំ​ជា​សាធារណៈ។ ការ​ប្រព្រឹត្ត​ដោយ​សំណេរ ឬ​គំនូរ​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណជន ឬ​ដាក់​តាំង​ឲ្យ​សាធារណជន​មើល។ ម្យ៉ាង​ទៀត ប្រព្រឹត្ត​ដោយ​មធ្យោបាយ​កាសែត វិទ្យុ ឬ​ទូរទស្សន៍​សម្រាប់​សាធារណជន។

ចំណែក​ទោស ​នៃ​បទ​ល្មើស​ទាំង​នោះ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់​៣​ឆ្នាំ ហើយ​ពិន័យ​ជា​ទឹក​ប្រាក់​ពី ១​លាន ដល់​៦​លាន​រៀល។ ចំពោះជន ទាំងឡាយណាដែលបានប្រព្រឹត្តការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមគ្រប់មធ្យោបាយ ដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ ទៅ ៤,០០០,០០០៛ ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព (មាត្រា៤៩៥)៕

Share.