ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធចំនួន៥គ្រាប់ផ្ទួនៗគ្នា ក្នុងហេតុការណ៍កម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនតដៃដណ្តើមបានអាវុធ បាញ់រះ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋមិនដឹងអ្វី បណ្តាលឲ្យរងរបួសមនុស្ស២នាក់ ស្ត្រីម្នាក់របួសស្មាស្តាំ ក្មេងស្រីម្នាក់របួសដៃស្តាំ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់ ដកហូតអាវុធបានមកវិញ ហើយនាំគ្នាឡើងឡានចាកចេញទៅបាត់អស់ ទុកតែពលរដ្ឋរងរបួស២នាក់ ក្រុមគ្រួសារចាត់ចែងដឹកយកទៅពេទ្យខ្លួនឯង ។

ហេតុការណ៍ផ្ទុះអាវុធខាងលើ កើតឡើង កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅក្នុងតំបន់សម្បុកគ្រឿងញៀន ខាងកើតវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ហៅយាយវិត ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរគោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ ល្បីខាង ជួញ ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ តដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់លើសមត្ថកិច្ច និងបាញ់តាមផ្លូវ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងស្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។

ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។

ហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យមានអ្នករងរបួស២នាក់ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ចំណែកកម្លាំងដែលចុះទៅបង្ក្រាបគ្រឿងញៀន ក្រោយពីឃាត់បានជនសង្ស័យ និងដណ្តើមយកអាវុធបានវិញ ឡើងជិះរថយន្តបើកចាកចេញទៅបាត់៕

សូមទស្សនាវីដេអូខាងក្រោម៖

Share.