ម្ចាស់​មេដាយ​មាស​ពិភពលោក​វិញ្ញាសា​វាយ​យក​ពិន្ទុ ប្រកួត​កីឡា​ប៉េតង់ កីឡាការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិការ​លើក​ទឹក​ចិត្ត​ពី​​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២​នេះ នៅ​វិមាន​សន្តិភាព។

កីឡាការិនី អ៊ុក ស្រីមុំ ដណ្តើម​បាន​មេដាយ​មាស​ពិភព​លោក​​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ហើយ​នេះ​ទទួល​បាន​មេដាយ​មាស​កម្រិត​ពិភព​លោក​៥​សម័យកាល​ជាប់​គ្នា សម្រាប់​កីឡាការិនី​កម្ពុជា លើ​ការ​ប្រកួត​កីឡា​ប៉េតង់លើវិញ្ញាសាវាយពិន្ទុ ខណៈ​វីរ​កីឡា​ការិនី កែ ឡេង ធ្លាប់​ឈ្នះ​ ៤​សម័យ​កាល​រួម​មាន​៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅ​ប្រទេស​កម្ពុជា។

លទ្ធផល​ប្រកួត​កីឡា​ប៉េតង់​លើ​វិញ្ញាសា​វាយ​ពិន្ទុ​នៅ​ប្រទេសអេស្បាញ បាន​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី១៤ ខែវិច្ឆិកា ហើយ​កីឡាការិនី អ៊ុក ស្រីមុំ បាន​ប្រកួត​ជម្រុះ​បឋម​ឈរ​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​កីឡាការិនី​ខ្លាំងៗ​លើ​ពិភពលោក ៣៦រូប។ ចូល​ដល់​វគ្គ​៨នាក់​ចុងក្រោយ​កីឡា​ការិនី​របស់​កម្ពុជា រូប​នេះ​បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​កាណាដា ដោយពិន្ទុ ២៩-២ និង​បន្ត​ទម្លាក់​កីឡាការិនី​ន័រវេស ដោយពិន្ទុ ២៥-១៨ ហើយ​ចុងក្រោយ​បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ថៃ ដោយពិន្ទុ ៣៧-២៩ ក្លាយជាម្ចាស់មេដាយមាសតែម្ដង។ រីឯវិញ្ញសាក្រុមនារី ៣ ទល់ ៣ ក្រុមប៉េតង់កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុមចុងក្រោយ។

នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​កម្រិត​ពិភពលោក​នេះ ខណៈ​ឈ្នះ​ពី​លើក​ដំបូង​កាល​​ពី​ឆ្នាំ​២០១៧​ផង​ដែរ តែ​លើ​វិញ្ញាសា​ឯកត្តជន។ កីឡា​ប៉េតង់​នេះ​កីឡាករ សុខ ចាន់មាន ក៏​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​កម្រិត​ពិភព​លោក​នេះ​ផង​ដែរ​លើវិញ្ញាសាឯកត្តជន។

រាជរដ្ឋាភិបាល​​បាន​​កំណត់​លើក​ទឹក​ចិត្ត​ដល់កីឡាករ និងកីឡាការិនី ​តាម​រយៈ​​អនុ​ក្រឹត្យ​ដោយ​កំណត់​ផ្តល់​ប្រាក់​រង្វាន់ប្រមាណ ៤០លានរៀល សម្រាប់កីឡាករ កីឡាការិនី ដែល​ដណ្តើម​បាន​មេដាយ​កម្រិត​ពិភព​លោក។

សូម​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា ជា​ប្រភេទ​សហព័ន្ធ​​កីឡា​​ដែល​មាន​​សក្តានុពល​ក្នុង​ការ​ដណ្តើមយកមេដាយ លើ​ឆាក​អន្តរជាតិ ដោយ​ចាប់​តាំង​ពី​ការ​បង្កើត​សហព័ន្ធ​រហូត​មក​ដល់​ឆ្នាំ​២០២០ កម្ពុជាទទួលបាន​មេដាយ​កម្រិតអន្តរជាតិសរុបប្រមាណ ៣៧០គ្រឿង (មាស១០៨ ប្រាក់ ១៣១ និងសំរឹទ្ធិ ១៣១)៕

Telegram-Troryorng
Share.