ទីបំផុត​តារា​សម្ដែង​ តារា​ចម្រៀង​ដ៏​ល្បី​របស់​ហុង​កុង​លោក​ លីវ តឺហួរ​​ ​បាន​ទម្លាយ​មូលហេតុ​ដែល​លោក​មិន​បាន​សម្ដែង​ភាពយន្ត​ហូលីវូដ​ដូច​ជា​មិត្ត​រួម​អាជីព​តារា​សម្ដែង​ល្បី​ហុង​កុង​ដទៃ​ទៀត​នៅ​ក្នុង​បទ​សម្ភាស​មួយ​​​។​​

ច្រើន​ឆ្នាំ​មក​នេះ​មាន​តារា​សម្ដែង​ហុងកុង​ជា​ច្រើននាក់​ ​​បាន​ផ្សងព្រេង​ចេញ​ពី​ស្រុក​កំណើត​ហើយ​ទៅ​ចាប់​អាជីព​នៅ​ក្នុង​ទឹកដី​ហូលីវូដ​​ដូច​ជា​ Jet Li , Jackie Chan , Chow Yun Fat , និង​ Tony Leung ប៉ុន្តែ​ Andy Lau ​តារា​​ល្បី​វ័យ​ ៥៩​ឆ្នាំ ​បែរ​ជា​មិន​ទាន់​មាន​វត្តមាន​ ​​នៅ​ក្នុង​ភាពយន្ត​ហូលីវូដ​ណា​មួយ​​ដូច​មិត្ត​រួម​អាជីព​នោះ​ឡើយ​​។​

​យោង​តាម​គេហទំព័រ​ ​8Days​ ​របស់​សិង្ហបុរី​នៅ​ក្នុង​បទ​សម្ភាស​មួយ​ Andy Lau បាន​បង្ហើប​ពាក់ព័ន្ធ​នឹង​ចម្ងល់​ខាង​លើ​ថា​ការ​ពិត​កាល​ពី​ឆ្នាំ​​១៩៩១​លោក​ធ្លាប់​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិត​កម្ម​បរទេស​មួយ​ដោយ​កាល​ណោះ​ផលិតកម្ម​​ធ្លាប់​​​ឱ្យ​លោក​​សម្ដែង​ភាពយន្ត​ហូលីវូដ​ដែរ​។ លោក​បាន​បន្ត​ថា​ដំបូង​លោក​បាន​យល់​ព្រម​សម្ដែង​តែ​ក្រោយ​មក​លោក​មើល​ឃើញ​ថា​មាន​ផ្នែក​ជាច្រើន​នៃ​តួ​អង្គ​ដែល​លោក​បាន​ទទួល​នោះ​​មិន​ស័ក្ដិសម​នឹង​លោក​សម្ដែង​ ​ជា​ឧទាហរណ៍​ដូច​ជា​រឿង​ M.Butterfly ​លោក​ត្រូវ​សម្ដែង​ជា​តួអង្គ​ដែល​​ John Lone ​សម្ដែង​គឺ​ជា​តួអង្គ​អ្នក​ចម្រៀង​អូបេរ៉ាម្នាក់​​​ តែ​លោក​មិន​អាច​បង្ខំ​ខ្លួន​ឱ្យ​សម្ដែង​រឿង​នោះ​ទេ​ ​​ព្រោះ​តែ​មាន​ឈុត​ត្រូវ​លិឍ​ជើង​បរទេស​។​

M. Butterfly 1993

«ខ្ញុំ​មាន​អារម្មណ៍​ថា​…ខ្ញុំ​មិន​អាច​​លេប​កិត្តិយស​ខ្ញុំ​កើត​នោះ​ទេ​​ ដូច្នេះ​ខ្ញុំ​ក៏​បដិសេធ​មិន​សម្ដែង​»

សូមចុចត្រង់​នេះ​៖ ​​​ក្មេង​ស្អាត​ខ្ញង់​យ៉ាង​នេះ​ ជឿ​អត់​ថា​តួ​អង្គ​ព្រះនាង​ ឆាង ភីង​ ​​អាយុ​ពិត​ជិត​ក្បាល​៥​?

ភាពយន្ត​មួយ​ទៀត​ដែល​ Andy ប៊ិះ​នឹង​បង្ហាញ​វត្តមាន​នៅ​ហូលីវូដ​គឺ​រឿង​ «Dragon: The Bruce Lee Story» ប៉ុន្តែ​ដោយ​សារ​លោក​មិន​ចេះ​ក្បាច់គុន​ ​​វាយ​តប់​ដូច្នេះ​​លោក​ក៏​របូត​ការ​សម្ដែង​​រឿង​នេះ​ជា​ថ្មី​ម្ដង​ទៀត​។​

Dragon: The Bruce Lee Story

តារា​រូប​នេះ​ធ្លាប់​ចង់​សម្ដែង​ជា​តួអង្គ​ Sandman ក្នុង​ភាពយន្ត​ Spider-Man 3 តែ​ចុង​ក្រោយ​លោក​បដិសេធ​ទៀត​ ​ដែល​ម្ដង​នេះ​បាន​ធ្វើ​ឱ្យ​លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​។​

តួអង្គ​ Sandman សម្ដែងជំនួស​ដោយ​ Thomas Haden Church

អ្នកគាំទ្រ​បាន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ ​ក្រោយ​ដឹង​រឿង​លិឍ​ជើង​ហើយ​បាន​ទះដៃ​អបអរសាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ដែល​លោក​សុខ​ចិត្ត​ដើរ​ចេញ​។​

«ជា​រឿង​ល្អ​ដែល​លោក​មិន​ទទួល​សម្ដែង​ ខ្ញុំ​មិន​ចង់​ឃើញ​លោក​លិឍ​ជើង​អ្នក​ណា​​ម្នាក់​នោះ​ទេ​»

«ពួក​គេ​មិន​គោរព​ជនជាតិ​ចិន​ ដូច្នេះ​ពួក​យើង​មិន​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ចំពោះ​ពួក​គេ​​នោះ​ទេ​»

«ជា​រឿង​ល្អ​ហើយ​ដែល​គាត់​មិន​សម្ដែង​រឿង​ដែល​គាត់​ត្រូវ​លិឍ​ជើង​បរទេស​ មិន​អីចឹង​ទេ​គាត់​ប្រហែល​ជា​ត្រូវ​ជនជាតិ​គាត់​ជេរ​រហូត​ដល់​ថ្ងៃ​ស្លាប់​មិន​ខាន​»។

លីវ តឺហួរ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ ​លោក​ស្រី​ Carul Chu ​ជា​អតីត​តារា​ម៉ូដែល​កូន​កាត់​ចិន​ម៉ាឡេស៊ី​​កាល​ពី​ឆ្នាំ​២០០៨​ បច្ចុប្បន្ន​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​មួយ​រូប​ដ៏​ស្រស់​ស្អាត​ឈ្មោះ​ Hanna Lau

Share.