មហាជន​អ្នកគាំទ្រ​បាន​ស្គាល់​អ្នកនាង តាំ គីម​ចាំង ឬ​មានឈ្មោះ​ក្នុង​សិល្បៈ​ថា ប៊ី​រី​យា ជា​តារា​សម្ដែង​ស្រី​រូប​ស្រស់​សោភា​កំពុងតែ​លេចធ្លោ​ខ្លាំង​ក្នុង​ខ្សែភាពយន្ត​ភាគ និង​ខ្នាត​ធំ ហើយ​អ្នកនាង​ជា​កូនកាត់​ខ្មែរ​ឥណ្ឌា ជាប់សាច់​ឈាម​ខាង​ឪពុក។ តារា​សម្តែង​ស្រី​មាន​រាង​ខ្ពស់ស្រឡះ ប៊ី​រី​យា បាន​រៀបការ​ជាមួយនឹង​ស្វាមី​ឈ្មោះ តាំង ហៃ​ឡេង កាលពី​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ និង​មាន​កូនស្រី​ម្នាក់​គឺជា​ចំណង​ស្នេហ៍ ខណៈ​បច្ចុប្បន្ននេះ វ័យ ៦ ឆ្នាំ ឈ្មោះថា Labina និង​ក៏​កំពុងតែ​ក្លាយជា​ពន្លក​នៃ​តារា​សម្តែង​តាម​គន្លង​ម្តាយ។

បន្ទាប់ពី​សម្រាល​កូនស្រី Labina អ្នកនាង ប៊ី​រី​យា បាន​បិទ​ទំព័រ​សម្ដែង​ភាពយន្ត​យ៉ាង​ស្ងាត់ច្រៀប ហើយ​ងាក​មក​ពង្រឹង​មុខរបរ​រកស៊ី​ក្រៅ​សិល្បៈ​វិញ​ម្ដង។ នៅ​ឆ្នាំ២០១៧ តារា​សម្ដែង​ស្រី​រូបនេះ​បាន​បើកហាង​លក់​ក្រណាត់​ប៉ាក់ ដែល​នាំ​ផលិតផល​ចូល​ពី​ប្រទេស​បារាំង និង​អ៊ីតាលី។ ចំពោះ​ការបើក​ហាង​ក្រណាត់​ប៉ាក់​នោះ បាន​ដំណើរការ​យ៉ាង​រលូន​ក្រោយ​អ្នកនាង​បានប្រកាស​ដកខ្លួន​ចេញ​សិល្បៈ ហើយ​បាន​ប្រមូល​ដើមទុន​ពី​ស្វាមី និង​គ្រួសារ​ក្នុងការ​វិនិយោគ​រកស៊ី​ដែល​លក់​ក្រណាត់​សុទ្ធ​តែមាន​គុណភាព​ខ្ពស់​ប្រណិត។ លុះ​មកទល់​ចុងខែ ធ្នូ ឆ្នាំ២០២១ អ្នកនាង  ប៊ី​រី​យា ក៏បាន​បង្ហោះ​ជា​សាធារណៈ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ប្រកាស​ឱ្យដឹងថា អ្នកនាង​បាន​បង់ខាត​ច្រើន​ជាមួយ​របរ​រកស៊ី​ហើយ បន្ទាប់ពី​ឆ្លងកាត់​ស្ថានភាព​ដ៏​លំបាក​នៃ​វ​ប​ត្តិ​កូ​វីដ១៩។

អ្នកនាង​បាន​អះអាង ថា «លា​ហើយ​កន្លែងចាស់​ផ្លាស់​មក​កន្លែង​ថ្មី អរគុណ​រាល់​ការឈឺចាប់​ការមើល​ងាយ​និង​ការនិយាយ​ដើម អរគុណ​រាល់​បទពិសោធន៍​​ជីវិត​ខាងក្រៅ​អាក្រក់​និង​ល្អ ហើយ​អរគុណ​មនុស្ស​ជាទី​ស្រលាញ់​គ្រប់គ្នា​ដែល​តែងតែ​នៅ​ឈរ​ក្បែ​រហូតមកដល់​ថ្ងៃនេះ។ ជាពិសេស​អរគុណ​ខ្លួនឯង​ដែល​រឹងមាំ​អាច​ឈរ​ទៅមុខ​បាន​រហូតដល់​ខ្លួនឯង​នឹកស្មាន​មិន​ដល់​ថា​ខ្លួនឯង​អាចធ្វើ​វា​បាន។ ធ្វើជា​មនុស្ស​កុំ​អស់សង្ឃឹម សេដ្ឋី​ក៏​អាច​ធ្លាក់ខ្លួន​ក្រ​អ្នកក្រ អាចមាន​ប្រសិនបើ​អ្នក​នៅតែមាន​សង្ឃឹម​នឹង​ការ​ខំប្រឹង និង​មាន​ភាពស្មោះត្រង់ និយាយ​ឱ្យមាន​ការពិត​នឹង​កាន់​ពាក្យ​សច្ច:ក្នុង​ខ្លួន ។

សូម​ជូនពរ​ឱកាស​ចូលឆ្នាំ​សកល២០២២សូម​ជូនពរ​ឱ្យបងៗអតិថិជន Bina Live នឹង​បងប្អូន​ក្រុមគ្រួសារ​មិត្ត​ក្នុង Facebook ទាំងអស់​ជួបតែ​សេចក្តីសុខ នឹង ហេងៗឆ្នាំ​ថ្មី»។ ក្រៅពី​រើចេញ​ពី​ទីតាំង​រកស៊ី​ដ៏​ធំ​នោះ​ហើយ អ្នកនាង ប៊ី​រី​យា នៅ​មិនទាន់បាន​បញ្ចេញ​កន្លែង​រកស៊ី​ថ្មី​នេះ​ទេ រហូត​ធ្វើឱ្យ​មហាជន​សង្ស័យថា អ្នកនាង​បាន​ក្ស័យធន​ហើយ។ តែ​យ៉ាងណាមិញ គេ​ក៏​បានឃើញ​អ្នកនាង​បង្ហោះ​ការរកស៊ី​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែលមាន​លក់​ផលិតផល​ច្រើន តែ​មិនមែន​ក្រណាត់​ប៉ាក់​ដូច​មុន​ទៀត​ទេ។

ថ្មីៗនេះ អ្នកនាង  ប៊ី​រី​យា ក៏បាន​ងាក​មក​ចាប់​អាជីព​សិល្បៈ​វិញ​ដែរ ដោយ​បង្ហាញខ្លួន​ថត MV ថ្មី​ជាមួយ​តារា​ស្រី​ឈាន​មុន​ប្រចាំ​ផលិតកម្ម ហង្ស​មាស គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា ។ តាម​ការ​បង្ហោះ​របស់​អ្នកនាង ប៊ី​រី​យា បានឱ្យដឹងថា បទ​ថ្មី​នោះ​មាន​ចំណងជើង​ថា «មាន​ក្តី​សុខ​ហើយ​មែន​ទេ»។ អ្នកនាង ប៊ី​រី​យា ក៏បាន​រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «ឆ្នាំ​ថ្មី២០២២ ប្រឡូក​ថត MV ថ្មី  ខាន​ថត​យូរ ពេល​ត្រលប់មក​ថត​វិញ​ដូចប្លែកៗ បទ​ចំរៀង  #មាន​ក្តី​សុខ​ហើយ​មែន​ទេ»។

គួរ​ដឹង​បន្ថែមថា ក្រោយ​ប្រកាស​វិល​ចូល​សិល្បៈ​ជាថ្មី​នេះ គេ​នៅ​សម្គាល់​ឃើញថា អ្នកនាង ប៊ី​រី​យា តែ​ទីផ្សារ​នៅតែមាន​ខ្ពស់​ដូចដើម​ទាំង​ការថត​ស្ប៉ត ដើរ​ម៉ូដ និង​ថត​ភាពយន្ត​ផងដែរ៕

Telegram-Troryorng
Share.