ស្ត្រីម្នាក់បើករថយន្តធុនត្រាក្នុងល្បឿនលឿនខ្វះការប្រុងយ័ត្នរេចង្កូតបុករះម៉ូតូនិងរ៉ឺម៉កលក់ផ្លែឈើចតស្ងៀមនៅចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសជិះម៉ូតូដឹកអនឡាញម្នាក់ផ្លោងជាងជិត១០ម៉ែត្ររបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខរោងចក្រកាត់ដេរ ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញ រថយន្តមួយគ្រឿងម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BF-0067បើកបរដោយស្រ្តី ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់(៣០ម៉ែត្រ)ទិសដៅពីត្បូងទៅជើងខណៈមកដល់ កន្លែងកើតហេតុ រេចង្កូតទៅស្ដាំដៃបុកម៉ូតូកំពុងឈប់នៅចិញ្ចើមផ្លូវផ្លោងមនុស្សជិត១០ម៉ែត្រ បណ្ដាលឲ្យរបួសធ្ងន់រួចបន្តបុករ៉ឺម៉កលក់ផ្លែឈើមួយគ្រឿងទៀតដែលចតលើចំណីផ្លូវបណ្ដាលឲ្យធ្លាក់ផ្លែឈើពេញដីរងការខូចខាតម៉ូតូនិងរ៉ឺម៉កយ៉ាងដំណំ ហើយបុរសជិះម៉ូតូត្រូវ បាន រថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះ។ ចំណែកស្រ្តីជាអ្នកបើករថយន្តបានយក រថយន្តទៅចតទុកតាមចិញ្ចើមផ្លូវ រួចឡើងជិះរថយន្តពេទ្យទៅជួយមើលជនរងគ្រោះ នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានមកដល់ទីកន្លែងកើតហេតុបាញ់ថ្នាំវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

អត្ថបទ៖សេង សាវី

Share.